កីឡា

Messi ដែល​ជាកីឡាករជយលាភី World Cup យល់​ព្រម​បន្ត​ស្នាក់​នៅ PSG

ស៊ុបភើស្តារ Lionel Messi នឹងអបអរជ័យជម្នះពី​ព្រឹត្តិការណ៍ World Cup របស់ខ្លួន ដោយការ​យល់ព្រមស្នាក់នៅបន្តជាមួយ​ក្លិប Paris Saint-Germain (PSG) ខណៈដែលរូប​គេព្យាយាមជួយ​នាំក្រុមយក្ស​របស់​បារាំងមួយ​នេះ​ឱ្យឈ្នះជើងឯក នៅ​ក្របខ័ណ្ឌ Champions League ដែលតែង​តែ​របូត​ពី​ដៃ​ពួកគេ​ពី ១រដូវកាល ទៅ ១រដូវកាល។ នេះ​បើ​យោង​បណ្ដាញ​សារព័ត៌មានក្នុងស្រុក កាលពីថ្ងៃពុធ។

កីឡាករវ័យ ៣៥ឆ្នាំ ដែលជួយ​នាំឱ្យ​ក្រុម​ជម្រើស​ជាតិ​អាហ្សង់ទីន​ទទួលបាន​ជ័យជម្នះ ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ នៅ​ឯ​ព្រឹត្តិការណ៍ World Cup ទល់នឹងក្រុមបារាំង ក្នុងប្រទេសកាតា កាលពីចុងសប្តាហ៍កន្លង​ទៅ នឹងបន្តកិច្ចសន្យារយៈពេល ១រដូវកាលទៀតជាមួយក្លិប​យក្ស​ នៅ​រដ្ឋធានីនៃប្រទេស​បារាំង ខណៈដែល​​កុង​ត្រាបច្ចុប្បន្នរបស់គេ នឹងផុតកំណត់ នៅរដូវក្តៅខាងមុខ​នេះ​។

បណ្ដាញ​សារព័ត៌មាន Le Parisian និង RMC Sport បានរាយការណ៍ថា កីឡាករ Messi នឹងអង្គុយចុះ​​ជាមួយប្រធានក្លិប PSG លោក Nasser Al-Khelaifi និងមន្ត្រីកំពូល​ៗរបស់​ក្លិបផ្សេងទៀត នៅពេលដែលរូប​គេ​វិល​ត្រឡប់មកវិញ បន្ទាប់ពី​បញ្ចប់​ការ​អបអរ​ពាន​ World Cup នៅ​ឯ​ប្រទេស​កំណើត។

កីឡាករ Messi បាន​ចូលរួមជាមួយក្រុម PSG ក្នុងឆ្នាំ២០២១ ដោយ​មាន​​កិច្ចសន្យារយៈពេល ២រដូវកាលជាមួយនឹងជម្រើសបន្ត ១ឆ្នាំទៀត បន្ទាប់ពីបានចំណាយពេលពេញមួយ​អាជីពរបស់ខ្លួនជាមួយក្លិប​យក្ស Barcelona។ នៅ​ឯប្រទេស​អេស្ប៉ាញនោះ ម្ចាស់ពានរង្វាន់ Ballon d’Or ៧សម័យកាលរូបនេះ បានឈ្នះជើងឯក នៅ​ក្របខ័ណ្ឌ Champions League ៤ដង (ឆ្នាំ២០០៦, ២០០៩, ២០១១ និង ២០១៥) ព្រមទាំងពាន ក្នុងក្របខ័ណ្ឌ La Liga ចំនួន ១០ដង។

កាលពីថ្ងៃអាទិត្យ រូប​បានជួយ​ជំរុញ​ឱ្យ​ក្រុម​អាហ្សង់ទីនឈ្នះការស៊ុតបាល់ប៉េណាល់ទីកាត់ក្ដី​លើក្រុមបារាំង ក្នុងវគ្គផ្តាច់ព្រ័ត្រ នៅ World Cup បន្ទាប់ពីការប្រកួតក្នុង​រយៈ​ពេល​ដ៏​យូរ រហូត​ដល់​ទៅ ១២០នាទី បានបញ្ចប់ទៅ​ក្នុងលទ្ធផលស្មើ​គ្នា ៣-៣។

កីឡាករ Messi ដែល​ជាប់​ឈ្មោះ​ជា​កីឡាករ​ល្អ​បំផុត​ប្រចាំ​ការ​ប្រកួតនោះ ​ស៊ុត​​បញ្ចូល​ទីបាន​ ២​គ្រាប់ ​ខណៈ​ដែលមិត្ត​រួម​ក្រុម PSG គឺខ្សែប្រយុទ្ធ  Kylian Mbappe ធ្វើ​បាន​ហ៊ែតទ្រិក (ស៊ុត ៣គ្រាប់) ឱ្យ​ក្រុម​បារាំង៕