កីឡា

Mbappe វិល​មក​ហ្វឹក​ហាត់​ជាមួយ PSG វិញ ៣ថ្ងៃក្រោយ​បរាជ័យ នៅ World Cup

ខ្សែប្រយុទ្ធ Kylian Mbappe បានត្រឡប់មកហ្វឹកហាត់ជាមួយ​ក្រុម​ Paris Saint-Germain (PSG) វិញហើយ កាលពីថ្ងៃពុធ ពោលគឺរយៈ​ពេល ៣ថ្ងៃបន្ទាប់ពីការរង​បរាជ័យ​របស់​ក្រុម​ជម្រើស​ជាតិ​បារាំង ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រនៃ​ព្រឹត្តិការណ៍ World Cup 2022 នាប្រទេសកាតា។

កីឡាករ Mbappe ធ្វើ​បានហ៊ែតទ្រិក (ស៊ុត ៣គ្រាប់) ក្នុងការប្រកួត កាលពីថ្ងៃអាទិត្យកន្លង​ទៅ ទល់​នឹង​ក្រុមអាហ្សង់ទីន ដោយ​បានក្លាយជាកីឡាករទី២ ដែលទម្លុះ​សំណាញ់​ទី​បាន ៣គ្រាប់ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ នៅ World Cup។

ប៉ុន្តែវាគឺ​គ្រប់គ្រាន់ ក្នុងការទទួលបានលទ្ធផលស្មើ ៣-៣ និងនាំក្រុមបារាំងឱ្យបាន​ទៅ​ដល់​វគ្គស៊ុតបាល់ប៉េណាល់ទីកាត់​ក្ដី ដែលពួកគេបាន​ចាញ់ ៤-២ បើទោះបីជាកីឡាករ Mbappe ទាត់​បាល់​បំប៉ោង​សំណាញ់ទី​ ក្នុង​វគ្គនេះ​​ម្តងទៀតក៏ដោយ។

ឥឡូវនេះ កីឡាករ Mbappe ជាម្ចាស់កំណត់ត្រាគ្រាប់​បាល់​ច្រើនបំផុត ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ នៅ World Cup ដោយបានស៊ុតបញ្ចូលទី ១គ្រាប់​ដែរ ពេល​ក្រុម​បារាំង បាន​ជោគ​ជ័យ ក្នុង​ឆ្នាំ២០១៨ និងបាននាំ​យក​ស្បែកជើងមាសទៅ​ផ្ទះ ជាមួយ​នឹង​ការលើសគ្រាប់​បាល់ ១គ្រាប់​លើមិត្តរួមក្រុម PSG គឺ​កីឡាករ Lionel Messi ក្នុង​ការ​ប្រកួត​ប្រជែងនៃ​ព្រឹត្តិការណ៍ដ៏​ធំ​នេះ។

កីឡាករ Messi និងក្រុមពពកសអាហ្សង់ទីន នៅតែធ្វើ​ការ​អបអរនឹងការ​ឈ្នះ​ជើងឯក ពី​ប្រទេស​កាតា​ នៅ​ឯ​ប្រទេស​កំណើត នាសប្តាហ៍នេះ ខណៈដែលកីឡាករ Mbappe បានត្រឡប់មកបំពេញកាតព្វកិច្ចឱ្យ​ក្លិបអាជីព​វិញភ្លាមៗ ជាមួយ​នឹង​ការ​ប្រារព្ធខួបគម្រប់អាយុ ២៤ឆ្នាំរបស់ខ្លួន កាលពីថ្ងៃអង្គារ។

ក្រុម PSG នឹងត្រឡប់មកធ្វើ​សកម្មភាពប្រកួតប្រជែងវិញ នៅថ្ងៃពុធសប្តាហ៍ក្រោយ ដោយទទួលត្រូវ​ទទួល​ក្រុម Strasbourg ក្នុងជំនួព នៅ​ក្របខ័ណ្ឌ Ligue 1 ខណៈដែលក្រុម​យក្ស​របស់​ក្រុង​ប៉ារីស កំពុង​ប្រឹង​ប្រែង​ ក្នុង​ការបន្លាយ​នាំមុខ ៥ពិន្ទុ នៅទី​កំពូលតារាង។

ជាមួយ​គ្នានេះ​ដែរ កីឡាករ Ethan Mbappe ដែលជាប្អូនប្រុសរបស់កីឡាករ Kylian Mbappe បានចូលរួមជាមួយឈុតធំ​របស់ក្រុម PSG ក្នុង​ការប្រកួតមិត្តភាពពាក់កណ្តាលរដូវកាល ដោយមាន​វត្តមាន នៅលើកៅអីកីឡាករ​បម្រុង សម្រាប់ហ្គេម​ទល់​នឹង​ក្រុម Quevilly-Rouen កាលពីថ្ងៃពុធ៕