អន្តរជាតិ

ហ្សេឡិនស្គីបង្ហាញខ្លួននៅអាម៉េរិក ទាក់ចិត្តអស់បណ្តាសមាជិករដ្ឋបាលចូបៃដិន

ប្រធានាធិបតីអ៊ុយក្រែនហ្សេឡិនស្គី នៅទីបំផុតបានធ្វើដំណើរដោយសុវត្ថិភាពទៅកាន់ សហរដ្ឋអាម៉េរិកហើយកាលពីល្ងាចថ្ងៃពុធ ខណៈបានបង្ហាញសុន្ទរកថាថ្លែងអំណរគុណទាក់ចិត្ត អស់បណ្តាមន្រ្តីរដ្ឋបាលចូបៃដិន។

យោងតាមសារព័ត៌មានអន្តរជាតិធំៗ ពិសេសរ៉យទ័រ បានឲ្យដឹងនៅព្រឹកថ្ងៃព្រហស្បតិ៍ទី២២ ខែធ្នូ ឆ្នាំ២០២២នេះថា ប្រធានាធិបតីអ៊ុយក្រែន ហ្សេឡិនស្គី បានធ្វើដំណើរទស្សនកិច្ចដោយសុវត្ថិភាព ទៅដល់ទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាម៉េរិកយ៉ាងពិតប្រាកដ ខណៈបានទំាងចូលជួបជាមួយ ប្រធានាធិបតីចូបៃដិនក្នុងសេតវិមានដោយក្តីស្និទ្ធស្នាល និងសមាជិកសភានៃគណបក្សទាំងពីរ របស់អាម៉េរិកទៀតផង។ យោងតាមប្រភពដដែល វត្តមានរបស់លោកស្គីលើកនេះ គឺជាលើកដំបូង បង្អស់ហើយ ចាប់តាំងពីសង្រ្គាមបានចាប់ផ្តើម។ លោកស្គីបានបញ្ចេញសុន្ទរកថាថ្លែងអំណរគុណ ជាភាសាអង់គ្លេស រៀបរាប់ពីស្ថានភាពសមរភូមិ ក៏ដូចជាការប្តេជ្ញាចិត្តផ្សេងទៀត ធ្វើឲ្យសមាជិកសភា មកពីគណបក្សទាំងពីរហាក់ដូចជាមានការរំភើបចិត្តជាពន់ពេក សន្យានឹងឈរជាមួយអ៊ុយក្រែនជានិច្ច។ ប្រធានាធិបតីបៃដិន បានប្រាប់ទៅហ្សេឡិនស្គីថា “អ្នកនឹងមិននៅឯកោម្នាក់ឯងទេ”។

ជាការស្វាគមន៍នឹងវត្តមាននេះ ខាងទីក្រុងវ៉ាស៊ីនតោនដូចដែលបានជម្រាបរួចហើយគឺថា បានផ្តល់នូវ ជំនួយយោធាធំថ្មីតម្លៃ ១,៨ពាន់លានដុល្លាររួមបញ្ចូលទាំងប្រព័ន្ធមីស៊ីល Patriot ដែលរុស្សីចាត់ទុក ជាហានិភ័យទៀតផង៕

ប្រភព៖ REUTERS

ប្រភពរូប៖REUTERS
ប្រែសម្រួល៖សុខ តុលា