អន្តរជាតិ

រុស្ស៊ីថាគ្មានអ្វីត្រូវនិយាយចរចាទៀតទេ ក្រោយហ្សេឡិនស្គីទៅអាម៉េរិក

បន្ទាប់ពីមេដឹកនាំអ៊ុយក្រែនហ្សេឡិនស្គី បានធ្វើដំណើរទស្សនកិច្ចទៅកាន់ទីក្រុងវ៉ាស៊ីនតោន​សហរដ្ឋអាម៉េរិក រុស្ស៊ីបានបោះសម្ដីថា គ្មានការចរចាណាមួយនឹងកើតឡើងទៀតទេ។

នៅក្នុងការហៅទូរសព្ទជាមួយអ្នកសារព័ត៌មាននៅថ្ងៃពុធ ថ្ងៃដែលហ្សេឡិនស្គីបានទៅដល់អាម៉េរិក អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយថា ការបន្តផ្គត់ផ្គង់សព្វាវុធរបស់​លោកខាងលិចដល់អ៊ុយក្រែននឹងនាំទៅរក “ការធ្វើឱ្យកាន់តែស៊ីជម្រៅ” នៃជម្លោះ ធ្វើឱ្យមានប្រតិកម្ម​លើទីក្រុង Kyiv ។ លោក Peskov បាននិយាយថា “ការផ្គត់ផ្គង់អាវុធនៅតែបន្ត ហើយជួរនៃអាវុធ​ដែលបានផ្គត់ផ្គង់កំពុងពង្រីក។ ទាំងអស់នេះនាំឱ្យកាន់តែធ្ងន់ធ្ងរឡើងនៃជម្លោះ។ នេះមិនមានផលល្អ​សម្រាប់អ៊ុយក្រែនទេ” ។

ទាក់ទិននឹងវត្តមានលោកហ្សេឡិនស្គីនៅទីក្រុងវ៉ាស៊ីនតោន នៅពេលសួរថាតើទីក្រុងមូស្គូមានការ​រំពឹងទុកថាអ្វីដែលវិជ្ជមានទេ លោក Peskov បានឆ្លើយថា “ទេ គ្មានទេ”។ ក្នុងន័យនេះ អ្នកនាំពាក្យរុស្ស៊ី​ចង់ប្រាប់ថា គ្មានអ្វីត្រូវនិយាយចរចាជាមួយអ៊ុយក្រែនទៀតទេ។ យោងតាមភ្នាក់ងារ AFP សង្រ្គាមរវាង​ភាគី​ទាំងពីរបានឈានចូលដល់ថ្ងៃទី ៣០០ហើយ របាយការណ៍នៅសមរភូមិក៏កំពុងប្រទាញ​ប្រទង់ខ្លាំងដែរ កងកម្លាំងអ៊ុយក្រែននៅតែបន្តទប់ទល់នឹងការវាយរុលរបស់រុស្ស៊ីបានយ៉ាងល្អ៕

ប្រភព៖ REUTERS

ប្រភពរូប៖REUTERS
ប្រែសម្រួល៖សុខ តុលា