អន្តរជាតិ

រុស្ស៊ីគ្រោងបង្កើនទ័ពឲ្យដល់ ១,៥ លាននាក់ ខណៈសង្រ្គាមអូសបន្លាយដល់ឆ្នាំ២០២៣

រដ្ឋមន្រ្តីការពារជាតិរុស្ស៊ី លោក Sergei Shoigu បានផ្តល់ការវាយតម្លៃថា រុស្ស៊ីត្រូវតែបង្កើនចំនួនទ័ព​របស់ខ្លួនឲ្យឡើងដល់ជាង១លាននាក់ទើបបាន ខណៈសង្រ្គាមកំពុងអូសបន្លាយឈានដល់ឆ្នាំ២០២៣។

រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោក Sergei Shoigu កាលពីថ្ងៃពុធ បានប្រកាស​ក្នុង​ជំនួប​រវាង​ប្រធានាធិបតី​រុស្ស៊ីលោក Vladimir Putin និង​មេដឹកនាំ​យោធា​កំពូល​របស់​ប្រទេសថា ប្រទេសនេះគ្រោងនឹងបង្កើន​កម្លាំងទាហានរបស់ខ្លួនឲ្យឡើងដល់ ១,៥ លាននាក់ ដើម្បីឆ្លើយតបនឹងស្ថានភាពសង្រ្គាមនាពេល​បច្ចុប្បន្ន ដែលនឹងអូសបន្លាយយូរទៅមុខទៀតក្នុងឆ្នាំ២០២៣។ Shoigu មិនបានបង្ហាញពីពេលវេលា​ច្បាស់​លាស់​នៃ​ការបង្កើនការគ្រោងទុកនេះទេ តែបាននិយាយថា ទាហាន ១,៥ លាននាក់គួរតែ​រួមបញ្ចូល​ជាមួយទាហានស្ម័គ្រចិត្តប្រមាណ ៦៩៥.០០០នាក់ផងដែរ។

ផែនការកេណ្ឌទ័ពនេះ បានកើតឡើងបន្ទាប់ពីរុស្ស៊ីបានប្រឈមមុខនឹងការខាតបង់នៅលើសមរភូមិ​ក្នុងប្រទេសអ៊ុយក្រែននារយៈពេលប៉ុន្មានខែថ្មីៗនេះ ដែលត្រូវបានរាយការណ៍ដោយសារព័ត៌មាន​ឯករាជ្យ និងចំពេលដែលមន្ត្រីអ៊ុយក្រែនបានព្រមានថារុស្ស៊ីកំពុងត្រៀមខ្លួនសម្រាប់ការវាយលុក​រដូវរងាជាថ្មីនៅប៉ុន្មានខែដំបូងនៃឆ្នាំ ២០២៣។

ផែនការកេណ្ឌទ័ព ឬចល័តចុងក្រោយប្រមាណ ៣០០.០០០ នាក់ បានបង្កឱ្យមានការតវ៉ាទ្រង់ទ្រាយធំ​នៅទូទាំងប្រទេសរុស្ស៊ីក្នុងខែកញ្ញា នាំឲ្យមានជនចំណាកស្រុករត់គេចខ្លួនទៅកាន់ប្រទេសជិតខាង៕

ប្រភព៖ The HILL

ប្រភពរូប៖The HILL
ប្រែសម្រួល៖សុខ តុលា