សន្ដិសុខសង្គម

រថយន្តតូច​បុកពីក្រោយរថយន្តធំ​ក្រឡុកស៊ីម៉ងត៍ លើផ្លូវល្បឿនលឿន​របួសធ្ងន់ម្នាក់

កំពង់ស្ពឺ៖រថយន្តធុនតូចបុកពីក្រោយរថយន្តធំក្រឡុកស៊ីម៉ងត៍នៅលើផ្លូវល្បឿនលឿនបណ្ដាលឱ្យមនុស្សម្នាក់រងរបួសធ្ងន់ និងរថយន្តតូចខូចខ្ទេចផ្នែកខាងមុខទាំងស្រុង។គ្រោះថ្នាក់ចរាចរដ៏ព្រឺព្រួចនោះ​បានកើតឡើងនៅលើផ្លូវល្បឿនលឿន ចន្លោះគីឡូម៉ែត្រលេខ៥៣-៥៤ ត្រង់ភូមិត្រពាំងក្រឡឹង ឃុំគីរីវន្ត ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ កាលពីយប់ថ្ងៃទី២១ ខែធ្នូ។

ប្រភពព័ត៌មានពីកន្លែងគ្រោះថ្នាក់បានឱ្យដឹងថា មុនហេតុការណ៍កើតឡើង ​រថយន្តម៉ាកហាយលែនឌ័រ ផ្លាកលេខ 2AK-8269 បើកបរដោយឈ្មោះ មួង​ រុំ​ អាយុ ៤៧ឆ្នាំ នៅ​ខេត្តកណ្ដាល។ក្នុនោះមានអ្នករួមដំណើរម្នាក់ជាជនជាតិកូរ៉េ​ បើកបរពីលិចទៅកើតក្នុងគន្លងឡាញផ្លូវល្បឿនលឿន។

ប្រភពដដែលបានបន្តថា ម​កដល់កន្លែងខាងលើ រថយន្តតូចទំនងគេចចេញគន្លងឡាញល្បឿនលឿន​មិនប្រុងប្រយ័ត្នក៏បុកពីក្រោយរថយន្តធំម៉ាកហ្វូតុនក្រឡុកស៊ីម៉ង់ត៍ផ្លាក​លេ​ខ ​AT22 5-0220 ជារថយន្ដក្រុមហ៊ុនមួយពេញទំហឹងបណ្តាលឱ្យរថយន្តហាយលែនឌ័រខូចខ្ទេចខ្ទីផ្នែកខាងមុខយ៉ាងដំណំ និងមនុស្សម្នាក់រងរបួសធ្ងន់។

​ក្រោយមកសមត្ថកិច្ចបានយករថយន្តទាំង២គ្រឿងទៅរក្សាទុកនៅបញ្ជរបង់ប្រាក់គីឡូម៉ែត្រលេខ២៦ ក្រុមហ៊ុនផ្លូវល្បឿនលឿនដើម្បីរង់ចាំម្ចាស់ចូលខ្លួនដោះស្រាយពេលក្រោយ៕ដោយ៖វិចិត្រ