អន្តរជាតិ

ពូទីនថាលោកនៅតែចាត់ទុកអ៊ុយក្រែនជារដ្ឋបងប្អូន ទោះមានសង្រ្គាមក៏ដោយ

មេដឹកនាំរុស្ស៊ី វ្ល៉ា ឌឹមៀរពូទីន បាននិយាយថា លោកនៅតែចាត់ទុកអ៊ុយក្រែនជារដ្ឋបងប្អូនជានិច្ច ទោះមានជម្លោះសព្វថ្ងៃដោយសារតែការបង្កហេតុពីលោកខាងលិចក៏ដោយ។

យោងតាមសុន្ទរកថា​តាម​ទូរទស្សន៍​ជាមួយ​មន្ត្រី​យោធា​ជាន់​ខ្ពស់ប្រធានាធិបតី​រុស្ស៊ី​លោកវ្ល៉ា ឌឹមៀរពូទីន បាន​និយាយយ៉ាងដូច្នេះពិតប្រាកដមែនកាលពីថ្ងៃពុធ ទី២១ ខែធ្នូ។ លោកពូទីនបានថ្លែងយ៉ាងក្តែងៗថា គ្មានអ្វីត្រូវមកស្តីបន្ទោសរុស្ស៊ីក្នុងសង្រ្គាមនោះទេ ទាំងអ៊ុយក្រែន និងរុស្ស៊ីសុទ្ធតែខូចខាតតែទាំងពីរ អ្នកដែលត្រូវបន្ទោសគឺលោកខាងលិច ដែលបានប្រើវិធីសាស្រ្តលាងខួរក្បាលអតីតរដ្ឋសហភាព​សូវៀត។ សម្រង់សម្ដីលោកថា​មើល​ឃើញ​អ៊ុយក្រែន​ជា​ “ប្រជាជាតិ​បងប្អូនមិនប្រែប្រួល”។ “គ្មានអ្វីដែលត្រូវចោទប្រកាន់យើងទេ។ យើងតែងតែឃើញប្រជាជនអ៊ុយក្រែនជាបងប្អូននឹងយើង ហើយខ្ញុំនៅតែគិតដូច្នេះ”។ “អ្វីដែលកំពុងកើតឡើងនៅពេលនេះ គឺជាសោកនាដកម្ម ប៉ុន្តែវាមិនមែនជាកំហុសរបស់យើងទេ”។

ពូទីនបានបន្ថែមថា រុស្ស៊ីខំណាស់ក្នុងការពង្រឹងទំនាក់ទំនងជាមួយអ៊ុយក្រែនអស់រយៈពេលជាច្រើនឆ្នាំ ខំឲ្យអ៊ុយក្រែនខ្ចីទាំងលុយ និងជាវប្រភពថាមពលក្នុងតម្លៃទាប តែវាមិនដំណើរការទេ ដោយសារតែ​មនោគមន៍លោកខាងលិច។

គួរជម្រាបថា ភាពតានតឹងរវាងវិមានក្រឹមឡាំងនិងលោកខាងលិចបានកើនឡើងបន្ទាប់ពីការ​ផ្តួលរំលំ​ប្រធានាធិបតីអ៊ុយក្រែនដែលគាំទ្រដោយវិមានក្រឹមឡាំងលោក Viktor Yanukovych នៅក្នុងឆ្នាំ ២០១៤ បន្ទាប់ពីមានការតវ៉ាជាច្រើនខែនាពេលនោះ៕

ប្រភព៖ BBC NEWS

ប្រភពរូប៖BBC NEWS
ប្រែសម្រួល៖សុខ តុលា