សេដ្ឋកិច្ច

ផ្លែមៀនស្រស់របស់កម្ពុជា លក់បាន១៨តោននៅទីផ្សារចិន

ភ្នំពេញ៖ផ្លែមៀនស្រស់របស់កម្ពុជា បាននាំមកដល់ ក្រុងសៀងហៃ ប្រទេសចិន ហើយបានដាក់លក់នៅក្នុងផ្សារផ្លែឈើ Jiaxing និង បានលក់អស់ជាង ១៨តោន។នេះបង្ហាញឱ្យឃើញពីការគាំទ្រយ៉ាងខ្លាំងរបស់ប្រជាជនចិន ចំពោះមៀនកម្ពុជា។ការដាក់លក់ផ្លែមៀន​កម្ពុជានៅចិននេះក្រោយពីកម្ពុជានិង ចិន បានសម្ពោធការនាំចេញជាផ្លូវការ កាលពីខែតុលា ឆ្នាំ២០២២ កន្លង​ទៅ​។

គួរបញ្ជាក់ថា ចំការមៀនដែលទទួលបានការអនុម័តចុះបញ្ជីជាផ្លូវការឱ្យនាំចេញផ្លែមៀនទៅកាន់ទីផ្សារចិនមានចំនួន៧៤ក្នុងនោះនៅ​ខេត្ត​ប៉ៃលិនមានចំនួន ៤០ចំការ បាត់ដំបងចំនួន ២៨ចំការ និងបន្ទាយមានជ័យចំនួន ៦ចំការ។ ដោយឡែករោងចក្រវេចខ្ចប់ចំនួន៨ដែល​មាន​ទីតាំងនៅក្នុងខេត្តកណ្តាលចំនួន១ ខេត្តបាត់ដំបងចំនួន៣ ខេត្តប៉ៃលិនចំនួន២ និងខេត្តព្រះសីហនុចំនួន២។ រីឯផ្ទៃដីដាំដុះមៀន​ទូទាំង​ប្រទេសរបស់កម្ពុជាវិញ មានចំនួន ១៣ ៦០៨ហិកតា ស្ថិតក្នុងខេត្តចំនួន៤។

លោក នាង សំរិតកុមារ អគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងសៀងហៃប្រទេសចិន បានឱ្យដឹងថា មៀនប៉ៃលិនកម្ពុជា បានចាប់ផ្តើមសម្ពោធ​ដាក់​លក់ នៅលើទីផ្សារអនឡាញរបស់ Alibaba Group កាលពីថ្ងៃពី១២ ខែធ្នូ ឆ្នាំ២០២២ នៅទីក្រុងហាន់ចូវ ខេត្តជឺជាំង ប្រទេសចិន ដែលទីក្រុងនេះ គឺជាកន្លែងបោះដុំផ្លែឈើដ៏ធំមួយ នៅក្នុងប្រទេសចិនដោយសារមៀនប៉ៃលិន គោរពតាមបទដ្ឋានភូតគាមអនាម័យ មាន​ស្តង់ដារសុវត្ថិភាព ស្របពេលកម្ពុជាមានកិច្ចព្រមព្រៀងសេរីពាណិជ្ជកម្មជាមួយចិន។

លោកបន្ថែមថាតាមរយៈការផ្សព្វផ្សាយផលិតផលកម្ពុជា លើបណ្តាញឌីជីថលរបស់ចិននឹងធ្វើឱ្យអ្នកប្រើប្រាស់នៅចិន កាន់តែច្រើន​អាច​ស្គាល់ផលិតផលកសិកម្មកម្ពុជា ព្រោះចិនជាទីផ្សារធំដែលមានប្រជាជនជាង ១៤០០លាននាក់។ នៅថ្ងៃខាងមុខ ផលិតផលខ្មែរផ្សេង​ទៀតដូចជាស្វាយនិងចេកក៏នឹងមានវត្តមាននៅលើទីផ្សារនេះផងដែរ។តាមរយៈទីផ្សារនេះនឹងផ្តល់ប្រយោជន៍កាន់តែច្រើនដល់​កសិករ​ខ្មែរ ខណៈក្រុមហ៊ុន Alibaba Group មានគម្រោងនាំចូលផ្លែមៀនប៉ៃលិនពីកម្ពុជាក្នុងមួយឆ្នាំចំនួន២ម៉ឺនតោនសម្រាប់ដាក់​លក់​ផង​ដែរ។

លោក ប្រាយអ៊ឹន ជាំង(Brian Jiang) នាយកផ្នែកបញ្ជាទិញសកល របស់ក្រុមហ៊ុន Shanghai Grandfruit Import & Export បានឱ្យ​ដឹងថា ផ្លែមៀនស្រស់របស់កម្ពុជាបាននាំមកដល់ក្រុងសៀងហៃ ប្រទេសចិន សម្រាប់ដាក់លក់នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២ ក្នុងផ្សារផ្លែ​ឈើ Jiaxing បានលក់អស់ជាង១៨តោន ក្នុងថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២ ដែលនេះជាសញ្ញាល្អមួយសម្រាប់ធុរជននៃប្រទេសទាំងពីរ ក្នុង​ការ​វិនិយោគ និងពង្រឹងអាជីវកម្មរបស់ខ្លួន លើការនាំផ្លែឈើស្រស់ពីកម្ពុជា។

លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មដែលបានថ្លែងតាមរយៈប្រព័ន្ធវីដេអូនៅវេទិកា​ពាណិជ្ជកម្មពិភពលោកអេឡិច​ត្រូនិក​(eWTP) មានប្រសាសន៍ថាភាពជាដៃគូ នៃវេទិកា eWTP​ រវាងកម្ពុជា និង Alibaba Group នឹងសម្រេចបានលទ្ធផលជាផ្លែផ្កា និងនាំ​មក​នូវអត្ថប្រយោជន៍កាន់តែច្រើនដល់ប្រជាជនកម្ពុជា-ចិននិងបង្កើនការនាំរបស់កម្ពុជា។ផ្លែមៀនស្រស់គឺជាផលិត​ផលកសិផលទី៣ របស់កម្ពុជាដែលនាំចេញទៅលក់នៅលើទីផ្សារប្រទេសចិនជាផ្លូវការនៅក្នុងឆ្នាំ២០២២នេះបន្ទាប់ពីផ្លែស្វាយនិងចេក៕ដោយៈសិរីមតី