សន្ដិសុខសង្គម

បើកម៉ូតូបុកក្របីដើរឆ្លងផ្លូវបណ្តាល ឱ្យស្លាប់ម្នាក់ របួសធ្ងន់ម្នាក់

ស្វាយរៀង៖បុរស២នាក់ជិះម៉ូតូឌុបគ្នាពេលយប់បុកក្របីមួយក្បាលកំពុងដើរឆ្លងផ្លូវពេញទំហឹងបណ្តាលឱ្យស្លាប់ម្នាក់ និងរបួសធ្ងន់ម្នាក់ រីឯក្របីរងរបួសធ្ងន់។គ្រោះថ្នាក់ចរាចរនេះបានកើតឡើងនៅភូមិព្រៃគាវ ឃុំកំពង់ចក ស្រុករំដួល ខេត្តស្វាយរៀង កាលពីយប់ថ្ងៃទី២១ ខែធ្នូ។

មន្ត្រីនគរបាលស្រុកបានឱ្យដឹងថា បុរសដែលស្លាប់ឈ្មោះ សេក វាសនា អាយុ៣១ឆ្នាំ នៅភូមិសាលារៀន ឃុំបាសាក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។អ្នករងរបួសឈ្មោះទី និមល អាយុ២៧ឆ្នាំ នៅភូមិ ឃុំជាមួយគ្នា ជិះម៉ូតូម៉ាកហុងដាឌ្រីម ផ្លាកលេខស្វាយរៀង1J-3542។ចំណែកក្របីរបួសធ្ងន់ រកម្ចាស់មិនទាន់ឃើញទេ ព្រោះអត់ហ៊ានចេញមុខមកដោះស្រាយ។ក្រោយកើតហេតុ សមត្ថកិច្ចយកម៉ូតូនិងក្របីទៅអធិការដ្ឋាននគរបាលស្រុករំដួលដើម្បីរកម្ចាស់​ក្របីមកដោះស្រាយតាមច្បាប់៕ដោយ៖វិចិត្រ