អន្តរជាតិ

តៃវ៉ាន់បញ្ចេញកងយន្តហោះចម្បាំងបណ្តេញយន្តហោះចិនជាង៣០គ្រឿងនៅថ្ងៃនេះ

រដ្ឋបាលកោះតៃវ៉ាន់នៅថ្ងៃព្រហស្បតិ៍នេះ បានបញ្ចេញកងយន្តហោះចម្បាំងព្រមានបណ្តេញ​យន្តហោះចិនជាង៣០គ្រឿង ដែលបាននាំគ្នាហោះចូលដែនអាកាសរបស់ខ្លួន។

យោងតាមសារព័ត៌មានរ៉យទ័រ ក្រសួងការពារជាតិតៃវ៉ាន់បាននិយាយនៅក្នុងរបាយការណ៍ រៀបរាប់លម្អិតនៅថ្ងៃព្រហស្បតិ៍ ទី២២ ខែធ្នូ ឆ្នាំ២០២២នេះថា មានសកម្មភាពរបស់ចិននៅក្នុង​តំបន់កំណត់អត្តសញ្ញាណ ADIZ របស់តៃវ៉ាន់ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ។ ការលុកលុយរួមមានយន្តហោះចម្បាំង ២១ គ្រឿង យន្តហោះទម្លាក់គ្រាប់បែក H-6 ចំនួន៤គ្រឿង ក៏ដូចជាយន្តហោះព្រមានជាមុន យន្តហោះប្រឆាំងនាវាមុជទឹក និងយន្តហោះបំពេញបន្ថែមពីលើ​អាកាសផ្សេងទៀតសរុបទាំងអស់គឺ ៣៩គ្រឿង។ យន្តហោះជាច្រើនគ្រឿងនេះ បានហោះឆ្លងកាត់ផ្លូវទឹក​ដែលគេស្គាល់ថាជាប៉ុស្តិ៍ Bashi ឆ្ពោះទៅកាន់តំបន់មួយនៃឆ្នេរសមុទ្រភាគអាគ្នេយ៍របស់កោះ។

ក្រសួងបាននិយាយថា នាវាកងទ័ពជើងទឹកចិនចំនួនបី ក៏ត្រូវបានរកឃើញនៅជិតកោះតៃវ៉ាន់ផងដែរ ជាការឆ្លើយតបតៃវ៉ាន់បានបញ្ជូនយន្តហោះចម្បាំងដែលមិនបានបញ្ជាក់ចំនួនដើម្បីហោះសំកាំងព្រមានយន្តហោះចិន រួមមានទាំងការដាក់ពង្រាយប្រព័ន្ធមីស៊ីលផងដែរ។ យ៉ាងណាមិញ ក្នុងហេតុការណ៍នេះ​មិនមានការប៉ះទង្គិចបង្កជាគ្រោះថ្នាក់ដល់ភាគីទាំងពីរនោះទេ។

ភាពតានតឹងចិននិងតៃវ៉ាន់កើតឡើងមិនដាច់ស្រឡះ ពិសេសចាប់តាំងពីមានដំណើរ  ទស្សនកិច្ចរបស់​ប្រធានសភាអាម៉េរិកនៅដើមខែសីហា៕

ប្រភព៖ REUTERS

ប្រភពរូប៖ REUTERS
ប្រែសម្រួល៖សុខ តុលា