សេដ្ឋកិច្ច

ជិត​៣​ខែ​នៃ​ការដាក់ឱ្យ​ដំណើរការ​ផ្លូវ​ល្បឿន​លឿន មាន​យានយន្ត​ធ្វើ​ចរ​រា​ចរណ៍​ជាង ៨៣​ម៉ឺន​គ្រឿង

​ភ្នំពេញ​៖ រយៈពេល​ជិត​៣​ខែ នៃ​ការបើក​ឱ្យ​ដំណើរការ​លើផ្លូវ​ល្បឿន​លឿន​ភ្នំពេញ ក្រុងព្រះសីហនុ មាន​យានយន្ត​បានធ្វើ​ចរ​រា​ចរណ៍​ជាង ៨៣១,០០០​គ្រឿង ដែល​គិត​ជា​មធ្យម​មាន​យានយន្ត ធ្វើ​ចរ​រាច​ណ៍​ប្រមាណ​១​ម៉ឺន​គ្រឿងក្នុង​មួយថ្ងៃ​។ នេះ​បើតាម​ការបញ្ជាក់​របស់​លោក ហ៊ាង សុទ្ធា​យុ​ត្តិ អ្នកនាំពាក្យ​នៃ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​។​

​គួរ​បញ្ជាក់ថា ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ ក្រុងព្រះសីហនុ បាន​បើក​ឱ្យ​ប្រជាពលរដ្ឋ​ប្រើប្រាស់​ដោយ​ឥតគិតថ្លៃ ក្នុង​រយៈពេល​មួយខែ ដោយ​គិត​ចាប់ពី​ថ្ងៃទី​០១ ខែតុលា ឆ្នាំ​២០២២ ដល់​ថ្ងៃទី​៣១ ខែតុលា និង​បាន​សម្ពោធ​បើក​ឱ្យ​ដំណើរ​ជា​ផ្លូវការ​កាលពី​ថ្ងៃទី​០៩ ខែវិច្ឆិកា ក្រោម​អធិបតីភាព​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា និង​លោក លី ខឺ​ឈាង នាយករដ្ឋមន្ត្រី​ចិន​។​

​លោក ហ៊ាង សុទ្ធា​យុ​ត្តិ បានឱ្យដឹង​ទៀតថា សម្រាប់​ការធ្វើ​ចរ​រាច​រណ៍ ដែលមាន​បរិមាណ​ច្រើនជាងគេ​ក្នុង​រយៈពេល ៨០​ថ្ងៃ​មកនេះ មាន នៅ​ក្នុង​ខែវិច្ឆិកា ឆ្នាំ​២០២២ ដែល​ស្ថិតនៅក្នុង​ពិធីបុណ្យ​អុំទូក ដែលមាន​ចំនួន​ចរ​រា​ចរណ៍​រហូតដល់ ១ ៨០០០​ចរ​រាច​រណ៍​ក្នុង​មួយថ្ងៃ និង​នៅក្នុង​ខែធ្នូ​នេះ មាន​ចរ​រា​ចរណ៍​ប្រមាណ ១៥០០០ ចរ​រាច​រណ៍​ក្នុង​មួយថ្ងៃ​។​

សូម​បញ្ជាក់ដែរថា ផ្លូវ​ល្បឿន​លឿន​-​ភ្នំពេញ​ព្រះសីហនុ គឺជា​ផ្លូវ​ល្បឿន​លឿនទី​១ និង​ជា​ផ្លូវ​របៀង​យុទ្ធសាស្ត្រ​សំខាន់បំផុត​នៅ​កម្ពុជា ជួយ​កាត់បន្ថយ​ពេលវេលា​ធ្វើដំណើរ​ពី​រាជធានី​ភ្នំពេញ ទៅ​ផែ​សមុទ្រ​ក្រុងព្រះសីហនុ ពី​ចំនួន​ប្រាំ​ម៉ោង​មក​ត្រឹមតែ​ពីរ​ម៉ោង​ប៉ុណ្ណោះ និង​ជួយ​កាត់បន្ថយ​តម្លៃ​ភស្តុភា​រកម្ម​ផងដែរ​។ ផ្លូវ​ល្បឿន​លឿន​នេះ​សាងសង់​ដោយ​ក្រុមហ៊ុន PPSHV Expressway Co., Ltd និង​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​នៃ ក្រុមហ៊ុន​សាជីវកម្ម​ស្ពាន​ថ្នល់​ចិន (CRBC) និង​ត្រួតពិនិត្យ បច្ចេកទេស​ដោយ​ក្រុមហ៊ុន MINCONSULT SDN. BHD. ប្រើ​រយៈ ពេល​សាងសង់ ៤៨​ខែ ចំណាយ​ថវិកា​ជិត ២​ពាន់​លាន​ដុល្លារ​សហរដ្ឋអាមេរិក​៕ដោយៈផាវី