សេដ្ឋកិច្ច

កម្ពុជា និង​អេ​មី​រ៉ា​ត​អារ៉ាប់​រួម បានបញ្ចប់​ការចរចា​ជុំ​ទី​២ដោយជោគជ័យ

​ភ្នំពេញ​៖​នា​ព្រឹក​ថ្ងៃទី​២១ ខែធ្នូ ឆ្នាំ​២០២២ លោកជំទាវ តឹក​រ៉េត កំរង រដ្ឋលេខាធិការ និង​ជា​ប្រធាន​ក្រុម​ចរចា​ពាណិជ្ជកម្ម​សម្រាប់​ភាគី​កម្ពុជា និង​ឯកឧត្តម ជូ​ម៉ា អាល់​កេ​ត (Juma Al Kait) អនុរដ្ឋមន្ត្រី​ទទួលបន្ទុក​ពាណិជ្ជកម្ម​អន្តរជាតិ និង​ជា​ប្រធាន​ក្រុម​ចរចា​ពាណិជ្ជកម្ម​សម្រាប់​ភាគី​អេ​មី​រ៉ា​ត​អារ៉ាប់​រួម បាន​ដឹកនាំ​កិច្ចប្រជុំពេញអង្គ ដើម្បី​ពិនិត្យ​និង​ពិភាក្សា​លើ​លទ្ធផល​នៃ​ការចរចា​និង​ប្រកា​សបិទ​បញ្ចប់​ជា​ផ្លូវការ​នៃ​ការចរចា​ជុំ​ទី​២​នៃ​កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​រវាង​កម្ពុជា​និង​អេ​មី​រ៉ា​ត​អារ៉ាប់​រួម (Cambodia-UAE Comprehensive Economic Partnership Agreement – CAM-UAE CEPA) ដែល​បាន​ប្រព្រឹត្តទៅ​រយៈពេល​៣​ថ្ងៃ គិត​ចាប់ពី​ថ្ងៃទី​១៩-២១ ខែតុលា ឆ្នាំ​២០២២ នៅ​សណ្ឋាគារ​សូ​ហ្វី​តែ​ល រាជធានី​ភ្នំពេញ​។​

​ក្នុង​កិច្ចប្រជុំពេញអង្គ​នេះ ប្រធាន​ក្រុម​ចរចា​របស់​ភាគី​ទាំងពីរ​បានធ្វើ​ការវាយតម្លៃ​ខ្ពស់​លើ​វឌ្ឍនភាព និង​ដំណើរ​ការចរចា​ជុំ​ទី​២ នៃ​កិច្ច​ព្រមព្រៀង CAM-UAE CEPA ដែល​បាន​ប្រព្រឹត្តទៅ​យ៉ាង​រលូន និង​មាន​ប្រសិទ្ធភាព​ខ្ពស់ ព្រមទាំង​ទទួលបាន​ផ្លែផ្កា​គួរ​ជាទី​សោមនស្ស​រីករាយ ដោយ​ឈរលើ​មាគ៌ា​ផលប្រយោជន៍​រួម​និង​បំពេញ​ឲ្យ​គ្នា​ទៅវិញទៅមក រួមទាំង​អនុលោម​តាម​បញ្ញត្តិ​ពាណិជ្ជកម្ម​អន្តរជាតិ​។ ទន្ទឹម​នឹងនោះ ភាគី​ទាំងពីរ​ក៏បាន​គូសបញ្ជាក់​ផងដែរ​ថាកិច្ចព្រមព្រៀង CAM-UAE CEPA នឹងចូលរួម​លើកកម្ពស់​កិច្ចសហប្រតិបត្តិការ​ទ្វេ​ភាគី ពង្រឹង​ទំនាក់ទំនង​មិត្តភាព​រវាង​ប្រទេស​ទាំងពីរនិង​ជំរុញ​ការតភ្ជាប់​ពី​តំបន់​ទៅ​តំបន់​ជាពិសេស​គឺ​រវាង​អាស៊ាននិង​តំបន់​ម​ជ្ឈឹ​ម​បូព៌ាឱ្យ​កាន់​តែ​ល្អប្រសើរ​ថែមទៀត​។​

​គួរ​បញ្ជាក់ថា ក្នុងអំឡុង​ការចរចា​ជុំ​ទី​២​នេះ ភាគី​ទាំង​ពីរបាន​ចរចា​និង​ដោះស្រាយ​រាល់​ចំណុច​ដែល​មិនទាន់មាន​ការឯកភាព​គ្នា​ទាំងស្រុង ដើម្បីឱ្យ​កិច្ចព្រមព្រៀង CAM-UAE CEPA មាន​លក្ខណៈ​ស៊ីជម្រៅ តែ​គិតគូរ​ទៅមុខ​វែងឆ្ងាយ និង​មាន​ភាពបត់បែន​ឆ្ពោះទៅរក​ជំហរ​រួម និង​អត្ថប្រយោជន៍​រួម​។ ជាមួយគ្នានេះ ភាគី​ទាំងពីរ​ក៏បាន​បន្ត​ធ្វើឱ្យ​ស៊ីជម្រៅ​ទៅលើ​កិច្ច​សហប្រតិបត្តិ​លើ​គ្រប់​វិស័យ​ជា​សារ​វ័​ន្ត ដូចជា​៖ ពាណិជ្ជកម្ម​និង​វិនិយោគ សេវាកម្ម ទេសចរណ៍ ហិរញ្ញវត្ថុ កសិកម្ម ពាណិជ្ជកម្ម​ឌីជីថល អប់រំ ឧស្សាហកម្ម ថាមពល បច្ចេកវិទ្យា -​ល​- ដែល​សុទ្ធសឹង​ជា​ធាតុ​សំខាន់ៗ​បម្រើ​ដល់​ការអភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច ប្រកបដោយ​ចីរភាព និង​បរិ​យា​ប័ន្ន​។​

​ជា​កិច្ចបញ្ចប់ ប្រធាន​ក្រុមការងារ​ចរចា​ទាំងពីរ បាន​ចុះហត្ថលេខា​លើ​កំណត់ហេតុ​រួម​ដែលជា​លទ្ធផល​នៃ​ការចរចា​ជុំ​ទី ២​នេះ និង បាន​ឯកភាពគ្នា​ជាគោលការណ៍​ក្នុងការ​ពិនិត្យ​លទ្ធភាព​រៀបចំ​ការចរចា​ជុំ​ទី​៣ ដែល​អា​មី​រ៉ា​ត​អារ៉ាប់​រួម នឹងត្រូវ​ធ្វើជា​ម្ចាស់ផ្ទះ នាពេល​វេលា​សមស្របក្នុង​ឆ្នាំ​២០២៣ ខាងមុខ​៕​ដោយៈសិរីមតី