អន្តរជាតិ

WHO៖ ហានិភ័យនៃជំងឺផ្លូវចិត្តនឹងកើនខ្ពស់នៅអ៊ុយក្រែន ដោយសារសង្គ្រាម

អង្គការសុខភាពពិភពលោក ហៅកាត់WHO បាននិយាយថា ហានិភ័យនៃជំងឺផ្លូវចិត្តផ្នែកសតិអារម្មណ៍​នឹងកើនឡើងខ្ពស់នៅប្រទេសអ៊ុយក្រែន  ខណៈសង្រ្គាមនៅតែបន្តអូសបន្លាយ។

លោក Jarno Habicht អ្នកតំណាងអង្គការសុខភាពពិភពលោកប្រចាំប្រទេសអ៊ុយក្រែន បានប្រាប់សន្និសីទសារព័ត៌មាននៅទីក្រុងហ្សឺណែវនៅសប្តាហ៍នេះថា មនុស្ស ២០ លាននាក់ ឬប្រហែលមួយភាគបួននៃចំនួនប្រជាជនអ៊ុយក្រែនអាចទទួលរងពីជំងឺផ្លូវចិត្តដោយសារតែសង្គ្រាម។ “ក្នុង ២០លាននាក់ WHO បានប៉ាន់ប្រមាណថាមនុស្សរហូតដល់ ១០ លាននាក់មានហានិភ័យនៃទម្រង់បែបជំងឺផ្លូវចិត្តមួយចំនួន ដូចជាប្រែប្រួលពីការថប់បារម្ភ និងភាពតានតឹង រហូតដល់ស្ថានភាពធ្ងន់ធ្ងរ និងលក្ខខណ្ឌធ្ងន់ធ្ងររួមមានជំងឺស្ត្រេសក្រោយ​ការប៉ះទង្គិចផ្លូវចិត្ត (PTSD)”។ ទន្ទឹមនឹងករណីទាំងនេះបន្តកើនឡើង បន្ទាប់ពីជម្លោះរយៈពេល១០ខែ ភ្នាក់ងារអង្គការសហប្រជាជាតិបានបើកការផ្តល់សេវាកម្មគាំទ្រជួយសង្រ្គោះ ក៏ដូចជាស៊ើបអង្កេត​តាមអ៊ីនធើណេត។

រហូតមកដល់ពេលនេះ របាយការណ៍វាយប្រហារយ៉ាងហោចណាស់ ៧០០ ដងត្រូវបានរាយការណ៍​លើប្រព័ន្ធថែទាំសុខភាពរបស់ប្រទេសអ៊ុយក្រែន ខណៈទិន្នន័យរបស់អង្គការសុខភាពពិភពលោក​បានបង្ហាញពីការកើនឡើងនៃការវាយប្រហាររបស់រុស្ស៊ីលើហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ប្រភពថាមពល ប៉ះពាល់ជនស៊ីវិលខ្លាំងចាប់តាំងពីខែ តុលា៕

ប្រភព៖ ​ ALJAZEERA

ប្រភពរូប៖ALJAZEERA
ប្រែសម្រួល៖សុខ តុលា