កីឡា

អ្នក​ប្រដាល់​ទម្ងន់ធ្ងន់ Fury និង Usyk យល់​ព្រម​ការ​ប្រកួត​ដាក់ខ្សែក្រវាត់រួម

អ្នក​ប្រដាល់ Tyson Fury និង Oleksandr Usyk បានព្រម​ព្រៀង​ឡើង​សង្វៀន​តទល់​គ្នា ក្នុងការប្រកួតមួយ​ ដែលអាច​​នឹងឱ្យ​ម្នាក់​​ក្លាយ​ជា​ម្ចាស់​​ខ្សែក្រវាត់ពិភពលោកប្រភេទ​ទម្ងន់ធ្ងន់ទាំង​អស់។ នេះបើយោងតាមអ្នកផ្គូផ្គង​ជើងចាស់ លោក Bob Arum។

កីឡាករ Fury បានផ្តួលគូប្រកួតរួមសញ្ជាតិអង់គ្លេស Derek Chisora ជាលើកទី៣ ក្នុងអាជីពរបស់​ខ្លួន ដើម្បីរក្សាខ្សែក្រវាត់​របស់​ស្ថាប័ន WBC នៅដើមខែនេះ។ បន្ទាប់មក រូប​គេ​បាន​ស្រែក​ហៅវីរបុរសអ៊ុយក្រែន Usyk ដែលជាម្ចាស់ខ្សែក្រវាត់របស់​ស្ថាប័ន IBF, IBO, WBO និង WBA ដែលកំពុងនៅក្បែរៗ​សង្វៀន ក្នុង​កីឡដ្ឋាន Tottenham Hotspur។

បន្ទាប់ពីការប្រយុទ្ធនោះ Fury អាយុ ៣៤ឆ្នាំ បានព្យាករ​ពីការ​មាន​ការប៉ះគ្នាជាមួយ Usyk មិនថា នៅប្រទេសអារ៉ាប៊ីសាអ៊ូឌីត ឬក៏ចក្រភពអង់គ្លេស ជួនកាលក្នុងខែកុម្ភៈ ឬខែមីនា។

អ្នក​ផ្គូផ្គង​លោក Arum វ័យ ៩១ឆ្នាំ បានប្រាប់ទូរទស្សន៍ Sky Sports កាលពីថ្ងៃអង្គារថា៖ «អ្នកប្រដាល់ទាំង២ បានព្រមព្រៀងគ្នាហើយ សម្រាប់​ការ​ប្រកួតបន្ទាប់។ ជាមួយនឹង Fury និង Usyk ពួកយើងកំពុងមាន​ការ​ព្រមព្រៀងបែប​មនុស្សពេញវ័យ ២នាក់ ដែល​មិន​មាន​ការ​ជជែក​ដេញដោល​គ្នា​ច្រើន​ឡើយ។ Usyk គឺជាមិត្តដ៏ល្អរបស់ខ្ញុំ គាត់ឆ្លាតណាស់ ហើយ Tyson គឺជាកំពូល​មនុស្ស ទាំងរាង​កាយ និងសតិ​បញ្ញា»។

«​ដូច្នេះ ពួកគេ​ចង់​បាន​ការ​ប្រកួត​នេះ​។ ពួកគេ​ទាំង ២នាក់​ចង់​​ប្រយុទ្ធ​គ្នា ហេតុដូច្នេះ ​វា​នឹង​មាន​តិចតួច​ណាស់ ប្រសិន​បើ​មាន​ (ភាព​រញ៉េរញ៉ៃ​)។ ឥឡូវនេះសំណួរ គឺថា តើថ្ងៃណា និងកន្លែងណា។ ប៉ុន្តែការប្រកួតនោះ ពិតជានឹងកើតឡើង ហើយវានឹងកើតឡើងក្នុងរយៈពេល ៤ខែដំបូងនៃឆ្នាំក្រោយ»។ បុរស​សញ្ជាតិអាមេរិក ​ដែល​ចូលរួម​ក្នុង​ការ​ប្រកួត​​ល្បីៗ​​មួយ​ចំនួន​របស់​លោក Muhammad Ali ក្នុង​​ទសវត្សរ៍​ឆ្នាំ១៩៧០ បាន​បន្ថែម៕