អន្តរជាតិ

ហ្សេឡិនស្គីធ្វើដំណើរទៅអាម៉េរិក ជួបប្រធានាធិបតីបៃដិននៅថ្ងៃពុធនេះ

ប្រធានាធិបតីអ៊ុយក្រែន លោកហ្សេឡិនស្គី ត្រូវបានគេរាយការណ៍ថានឹងធ្វើដំណើរ ទៅកាន់​សហរដ្ឋអាម៉េរិកនៅពុធទី ២១ ខែធ្នូនេះ ខណៈនឹងក្លាយជាដំណើរក្រៅប្រទេសដំបូងបង្អស់​ចាប់តាំងសង្រ្គាមបានចាប់ផ្តើម។

យោងតាមការចុះផ្សាយដោយសារព័ត៌មាន CNN  ដំណើរទស្សនកិច្ចនេះត្រូវបានបញ្ជាក់​ដោយ​មន្ត្រីមិនបញ្ចេញឈ្មោះខាងអាម៉េរិក ក្នុងលក្ខណៈមិនផ្លូវការ។ ដំណើរ​ទស្សនកិច្ច​មួយ​នេះនឹង​ពោរពេញ​ទៅ​ដោយ​ការ​ព្រួយ​បារម្ភ​ផ្នែក​សន្តិសុខរបស់លោកហ្សេឡិនស្គី – មាន​ន័យ​ថា អាច​ផ្លាស់​ប្តូរ​នៅ​ពេល​ជូនដំណឹង​ខ្លីណាមួយមិនទៀងនោះទេ។ តែការជូនដំណឹងបឋម វានឹងធ្វើឡើងនៅថ្ងៃពុធ ទី២១​ ខែធ្នូ ឆ្នាំ២០២២នេះ ខណៈលោកស្គីអាចនឹងជួបជាមួយប្រធានាធិបតីចូបៃដិន ​ក៏ដូចជាសភាអាម៉េរិក ដើម្បីសំដែងការដឹងគុណ និងរាយការណ៍ពីស្ថានភាពប្រទេស និងអំពាវនាវសុំជំនួយបន្ថែម។

ប្រសិនបើដំណើរទស្សនកិច្ចនេះអាចប្រព្រឹត្តទៅដូចការជូនដំណឹងមែននោះ វានឹងក្លាយជាដំណើរ​ដំបូងបង្អស់ហើយរបស់លោកស្គីទៅកាន់ក្រៅប្រទេស ចាប់តាំងពីសង្រ្គាមបានចាប់ផ្តើមនៅថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ២០២២ ខណៈសហរដ្ឋអាម៉េរិកបានប្រកាសកញ្ចប់ជំនួយយោធាធំថ្មីតម្លៃរហូតដល់​១,៨ពាន់លានដុល្លារជាការស្វាគមន៍ទៀតផង៕

ប្រភព៖ ​ CNN

ប្រភពរូប៖CNN
ប្រែសម្រួល៖សុខ តុលា