អន្តរជាតិ

រុស្ស៊ី​-ចិន​នឹង​ធ្វើ​សមយុទ្ធ​ជើង​ទឹកគគ្រឹកគគ្រេង​រួម​គ្នា​ក្នុង​សប្តាហ៍​នេះ

រុស្ស៊ីនិងចិនប្រកាសធ្វើសមយុទ្ធជើងទឹកយ៉ាងគគ្រឹកគគ្រេងរួមគ្នាក្នុងដែនទឹកសមុទ្រចិនខាងកើតរយៈពេលច្រើនថ្ងៃនៅសប្តាហ៍នេះ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការជើងទឹកប្រទេសទាំងពីរ។

ដូចដែលទីក្រុងមូស្គូធ្លាប់មានជម្រាបរួចហើយថា ទោះបីជាខ្លួនកំពុងជាប់រវល់នឹងប្រតិបត្តិការយោធា​ពិសេសនៅអ៊ុយក្រែនយ៉ាងណាក៏ដោយ តែការធ្វើសមយុទ្ធជាកាតព្វកិច្ចដូចទម្លាប់នឹងមិនមានការ​ប្រែប្រួលនោះទេ ពោលរុស្ស៊ីនឹងនៅតែអាចឆ្លៀតពេលធ្វើបានដោយរលូន។ ក្រសួងការពារជាតិរុស្ស៊ីបាន​និយាយនៅសប្តាហ៍នេះថា សមយុទ្ធកងទ័ពជើងទឹករួមគ្នាដែលបានធ្វើឡើង​ជារៀងរាល់ឆ្នាំចាប់តាំងពីឆ្នាំ ២០១២ រវាងខ្លួននិងសមភាគីទីក្រុងប៉េកាំង នឹងធ្វើឡើងក្នុងដែនទឹកសមុទ្រចិនខាងកើត យ៉ាងឱឡារិក រួមមានទាំងការបាញ់កាំជ្រួច និងកាំភ្លើងធំ ការល្បាតនាវា។ ក្រសួងបន្តថា នាវាចំនួន ៤ ខាងរុស្ស៊ីនឹង​ចូលរួម​ក្នុងសមយុទ្ធនេះ រួមទាំងនាវាផ្ទុកមីស៊ីល Varyag     ខណៈខាងចិននឹងបញ្ចេញនាវាចំនួន ៦គ្រឿង រួមជាមួយនឹងយន្តហោះ និងឧទ្ធម្ភាគចក្រពីភាគីទាំងពីរទៀតផង។

សមយុទ្ធនេះនឹងធ្វើឡើងចាប់ពីថ្ងៃទី ២១ ដល់ថ្ងៃទី ២៧ ខែធ្នូ ខណៈកប៉ាល់រុស្ស៊ីបានចេញដំណើរ​តាំងតែពីថ្ងៃចន្ទពីកំពង់ផែ Far Eastern នៃទីក្រុង Vladivostok មកម្ល៉េះ។ ទាក់ទងនឹងសមយុទ្ធនេះ​ទៀតសោត មិនទាន់មានវោហារសាស្រ្តនយោបាយណាមួយឡើយ៕

ប្រភព៖ REUTERS

ប្រភពរូប៖REUTERS
ប្រែសម្រួល៖សុខ តុលា