សេដ្ឋកិច្ច

ផ្លូវ​ល្បឿន​លឿន​ពី​រាជធានី​ភ្នំពេញ​-​ខេត្តសៀមរាប កំពុង​សិក្សា​

ភ្នំពេញ​៖លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រី​សាធារណការ និងដឹកជញ្ជូន បាន​បង្ហើប​ពី​គម្រោង​សិក្សា​ផ្លូវ​ល្បឿន​លឿន​ពី​រាជធានី​ភ្នំពេញ​-​ខេត្តសៀមរាបដែលជា​ផ្លូវ​ល្បឿន​លឿនទី​៣ បន្ទាប់ពី​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ខេត្ត​ព្រះសីហនុ និង​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​បាវិត​។​

​ថ្លែង​ក្នុង​ពិធី​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់មណ្ឌល​ត្រួតពិនិត្យ​បច្ចេកទេស​យានយន្ត​ថ្មី ក្នុង​ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ព្រឹក​ថ្ងៃទី​២០ ខែធ្នូ ឆ្នាំ​២០២២​នេះ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បាន​ថ្លែងថា​គម្រោង​នេះ​កំពុងស្ថិតក្នុងការ​សិក្សា។

​លោក​បានបញ្ជាក់​បន្ថែម​ថា៖ មាន​ក្រុមហ៊ុន​ចំនួន​៤ កំពុង​សិក្សា​លើ​ការសាងសង់​ផ្លូវ​នេះ និង​មាន​ជំនឿ​ចិត្ត​ថា​ការសាងសង់​ផ្លូវ​ល្បឿន​លឿន​នេះ​នឹង​ជួយ​កាត់បន្ថយ​ពេលវេលា​ក្នុងការ​ធ្វើដំណើរ​ពី​ភ្នំពេញ​ទៅ​ខេត្តសៀមរាប ក៏ដូចជា​បង្កើន​ចំនួន​អ្នក​ទេសចរណ៍​ទៅ​ខេត្ត​តំបន់​ប្រាសាទ​របស់​កម្ពុជា​នេះ​ផងដែរ​។​

បច្ចុប្បន្ន​កម្ពុ​ជាមាន​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ខេត្ត​ព្រះសីហនុ ដែល​កំពុង​ដាក់​ដំណើរការ​ដែលមាន​ប្រវែង​សរុប​ជាង ១៩០​គីឡូម៉ែត្រ វិនិ​យោគ​ដោយ​ក្រុមហ៊ុន​ចិន​ក្នុង​ទំហំ​ទឹកប្រាក់​ជាង ២​ពាន់​លាន​ដុល្លារ​អាមេរិក ខណៈ​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​បាវិត​អាច​នឹង​ឈានដល់​ការចុះហត្ថលេខា​លើ​គម្រោង​សាងសង់​នៅ​ដើមឆ្នាំ​២០២៣​ខាងមុខ បន្ទាប់ពី​ពិនិត្យ​ពិភាក្សា​បញ្ចប់​រួចរាល់​៕​ដោយៈផាវី