សន្ដិសុខសង្គម

បុរស៣នាក់ស្លាប់នៅទីតាំងរុករករ៉ែមាស​ តំបន់ភ្នំអន្លង់ស្រុករវៀង

ព្រះវិហារ៖ បុរសកម្មករ២នាក់ត្រូវចរន្តភ្លើងឆក់ស្លាប់ក្នុងរណ្តៅដី និងម្នាក់ទៀតស្លាប់ដោយសារខ្យល់គរ​នៅមាត់រណ្តៅរុករករ៉ែមាសតំបន់រំដេងភ្នំអន្លង់ ស្រុករវៀង ខេត្តព្រះវិហារកាលពីល្ងាចថ្ងៃទី២០ ខែធ្នូ។

សមត្ថកិច្ចបានឱ្យដឹងថា កម្មករដែលបាត់បង់ជីវិតឈ្មោះ និង បូរី អាយុ៣៧ឆ្នាំ ឈ្មោះ យ៉ន យឿន អាយុ៣៥ឆ្នាំ។ទាំង២នាក់នៅភូមិត្រពាំងទន្ទឹម ឃុំរមទម ស្រុករវៀង ខេត្តព្រះវិហារ ត្រូវចរន្តភ្លើងឆក់ស្លាប់​ក្នុងរណ្តៅរ៉ែមាសពេលកំពុងជញ្ជូនដីយកឡើងមកលើ។ឈ្មោះ ប៉ែន ស្រេង អាយុ៥៣ឆ្នាំ ទីកំណើតភូមិខ្សាច់ទុក ឃុំជ្រោយបន្ទាយ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ បានស្លាប់សង្ស័យខ្យល់គរ​នៅមាត់រណ្តៅក្រោយបញ្ជូនទៅមណ្ឌលសុខភាពភ្នំដែក ស្រុករវៀង។

បន្ទាប់ពីមានមនុស្សស្លាប់ក្នុងទីតាំងរ៉ែមាសដែលមានថៅកែឈ្មោះធា​ និងឈ្មោះកាឆយ រួចមក សមត្ថកិច្ចជំនាញបានចុះពិនិត្យ ហើយបានបញ្ជាក់ថា ទីតាំងនេះមិនមានបច្ចេកទេសគ្រប់គ្រាន់ អត់ជំនាញច្បាស់លាស់តាមលក្ខណៈបច្ចេកទេស​ ធ្វើឱ្យគ្រោះថ្នាក់មនុស្សជាច្រើនលើក​និងគ្មានច្បាប់អនុញ្ញាត។

កន្លងមក ទីតាំងរ៉ែមាសនោះជាកន្លែងលាក់កំបាំង មិនមានមន្ត្រីស្ថាប័នមានសមត្ថកិច្ចណាមកបង្ក្រាប​ឡើយ។ពាក់ព័ន្ធករណីនេះ សារព័ត៌មាន Cambodia Flash News មិនទាន់បានការបំភ្លឺពីថៅកែទីតាំង​រ៉ែមាសទាំង២នាក់ខាងលើនៅឡើយទេ៕ដោយ៖ភ្នំត្បែង