សន្ដិសុខសង្គម

បញ្ជូនអ្នកលក់ដីខ្យល់ពាក់ព័ន្ធលុយជាង ៨០លានដុល្លារទៅតុលាការ

ភ្នំពេញ៖សមត្ថកិច្ចអាវុធហត្ថភ្នំពេញ បានចាប់ជនសង្ស័យម្នាក់ចំណោម៤នាក់ ពីបទលក់ដីខ្យល់ លើទឹកប្រាក់ប្រមាណជាង៨០លានដុល្លារ ហើយបញ្ជូនទៅតុលាការ។

មន្ត្រីអាវុធហត្ថបានឱ្យដឹងថា ថ្ងៃទី២១ ខែធ្នូនេះ សមត្ថកិច្ចបានបញ្ជូនឈ្មួញរកស៊ីទិញលក់ដីម្នាក់​ចំណោម៤នាក់ទៅតុលាការ ពាក់ព័ន្ធលក់ដីខ្យល់២កន្លែងជិត៦០ហិកតានៅខណ្ឌមានជ័យនិង​ខេត្តកណ្តាលឱ្យ​ឧកញ៉ាម្នាក់ដែលមានទំហំទឹកប្រាក់ប្រមាណ ៨៧.៥៣០.០០០ដុល្លារអាម៉េរិក។

មន្ត្រីដដែលបានបន្តថា ជនសង្ស័យឈ្មោះឈន បូរ៉ា អាយុ៥៣ ឆ្នាំ នៅភូមិកោះក្របី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ។ កាលពីពាក់កណ្តាលខែសីហា ឆ្នាំ២០២២ ឧកញ៉ាម្នាក់បានប្តឹងនៅ អាវុធហត្ថភ្នំពេញដោយចោទមនុស្ស៤នាក់ថា អំឡុងឆ្នាំ២០១៤-២០១៥​ ពួកគេបានឃុបឃិតគ្នាលក់ដីទំហំ៤៦ហិកតានៅខណ្ឌមានជ័យក្នុងតម្លៃ៧៣.៦០០.០០០ដុល្លារ ។

ក្រោយមកពួកគេបានលក់ដីមួយកន្លែងទៀតឱ្យទៅឧញ៉ាដដែលទំហំជិត១០ហិកតានៅខេត្តកណ្តាលក្នុងតម្លៃ១៣.៩៣០.០០០ដុល្លាដោយអះអាងថា ជាដីកម្មសិទ្ធិស្របច្បាប់របស់ពួកគេ។ ពេលទិញលក់ដី​ឧកញ៉ាដើមបណ្តឹងបានប្រគល់លុយជាបន្តបន្ទាប់ទៅ៤នាក់នោះសរុប៦១.១៤៥.០០០ដុល្លារ។

ក្រោយពីទទួលបានលុយរួចហើយ ជនសង្ស័យ៤នាក់បានគេចវេះមិនព្រមជួបជាមួយម្ចាស់លុយទេ។ដល់ពេលស្រាវជ្រាវជាក់ស្តែងជាដីកម្មសិទ្ធិរបស់ក្រុមហ៊ុនមួយ គឺជនទុច្ចរិតទាំង៤នាក់​បានឃុបឃិតគ្នា​ឆបោកលក់ដីខ្យល់។ក្រោយទទួលបានបណ្តឹង អាវុធហត្ថចាប់បានជនសង្ស័យម្នាក់រួចបញ្ជូនទៅ​តុលាការនិងបន្តតាមចាប់បក្ខពួកដើម្បីយកមកអនុវត្តតាមច្បាប់៕ដោយ៖វិចិត្រ