សេដ្ឋកិច្ច

ធនាគារពិភពលោក​ផ្តល់​កញ្ចប់​ហិរញ្ញប្បទាន​២៧៤​លាន​ដុល្លារ​សម្រាប់​ជួយ​កម្ពុជាក្នុងការ​ស្ដារ​សេដ្ឋកិច្ច

ភ្នំពេញ​៖​កម្ពុជា​បានទទួល​ការ​ទ្រទ្រង់ ដោយ​ឥណទាន​ចំនួន ២៧៤​លាន​ដុល្លារ​អាមេរិក​ថែមទៀត ពី​ធនាគារពិភពលោក សម្រាប់​ប្រតិ​បត្តិការ គោលនយោបាយ​កំណើនសេដ្ឋកិច្ច​និង​អភិវឌ្ឍន៍ភាព​ធន់​រប​ស់​កម្ពុជា​។​​ហិរញ្ញប្បទាន​ដែល​ទើបនឹង​ត្រូវបាន​ក្រុមប្រឹក្សា​នាយក​​ប្រតិបត្តិ​របស់​ធនាគារពិភពលោក​អនុម័ត​រួច​ថ្មីៗ​នេះ នឹង​ជួយ​ដល់​កំណែទម្រង់​សម្រាប់ ជំរុញ​កំណើន និង​ពង្រឹង​ភាព​ធន់​របស់​កម្ពុជា​។​

​លោកស្រី ម៉ា​រៀម សា​លីម ប្រធាន​គ្រប់គ្រង​របស់​ធនាគារ​ពិភពលោក​ប្រចាំ​កម្ពុជាមានប្រសាសន៍ថាខណៈដែល​យុទ្ធសាស្ត្រ”រស់​ជាមួ​យ​​កូ​វីដ​-១៩” បាន​ជួយ​ស្ដារ​សេដ្ឋកិច្ច​ឱ្យ​រើប​ឡើងវិញ​ក៏ពិតមែន ប៉ុន្តែ កម្ពុជា​នៅតែ​ងាយ​រងគ្រោះ​ដោយសារតែ​ចរន្ត​ធ្លាក់ចុះ​នូវ​តម្រូវការ​ក្រៅ​ប្រទេស និង​ការរអាក់រអួល​នានា នៅក្នុង​ខ្សែចង្វាក់​ផ្គត់ផ្គង់​សកល នៅឡើយ​។​លោកស្រី​បាន​បញ្ជាក់ថា ” ប្រតិបត្តិការ​របស់​ហិរញ្ញប្បទាន​នេះនឹង​ជួយ​កម្ពុជា​ក្នុងការជំរុញ​ភាព​ប្រកួតប្រជែង​របស់​ផ្នែក​ឯកជន​,ពង្រឹង​ស្ថានភាព​សារពើពន្ធ​របស់​កម្ពុជានិង​ផ្ដល់ជំនួយ​ដល់ប្រជាជ​ន​​​ងាយ​រងគ្រោះ​បំផុត​របស់ខ្លួន​”​។​

 

​សេដ្ឋកិច្ច​របស់​កម្ពុជា​បាន​រង​ការខូចខាត​ធ្ងន់ធ្ងរ​ពី​សំណាក់​ជំងឺ​រាតត្បាត​កូ​វីដ​-១៩ ដោយ​ធ្វើឱ្យ​ផលិតផល ក្នុងស្រុក​សរុប​បាន​ធ្លាក់ចុះ​ដក ៣,១ ភាគរយ ក្នុង​ឆ្នាំ ២០២០ ដែលជា​ការធ្លាក់ចុះ​ដ៏​ខ្លាំង​លើកដំបូង​ក្នុង រយៈពេល ៣០​ឆ្នាំ​ចុង​ក្រោយនេះ​។ ការវិភាគ​ទិន្នន័យ​បាន​បង្ហាញ​ថា អត្រា​នៃ​ភាពក្រីក្រ​បាន​កើនឡើង ចំនួន ២,៨​ភាគរយ ដោយ​រុញ​មនុស្ស​ប្រហែល៤៦០.០០០​នាក់ឱ្យ​ធ្លាក់​ក្នុង​ភាពក្រីក្រ​វិញ​។រដ្ឋាភិបា​ល បាន​ឆ្លើយតប​យ៉ាង​រហ័ស និង​ប្រកបដោយ​ប្រសិទ្ធភាព​ទៅនឹង​ជំងឺ​រាតត្បាត តាមរយៈ​អន្តរាគមន៍​ជួយ ដល់​អាជីវកម្ម និង​គ្រួសារ​ដែល​ងាយ​រងគ្រោះ ប៉ុន្តែ​ដោយសារ​ចំណាយ​ពាក់ព័ន្ធ​មានការ​កើនឡើង រដ្ឋា​ភិ បាល​ចាំបាច់​ត្រូវ​ពង្រឹង​មូលដ្ឋាន​សារពើ​ពន្ធន​ឱ្យបាន​រឹងមាំចាប់​ពីពេលនេះ​ទៅមុខទៀត​។​

​បើទោះជា​សេដ្ឋកិច្ច​បាន​ងើបឡើង​វិញ​នៅ​ឆ្នាំ​២០២១ និង​២០២២ មែន​ក្តី បរិយាកាស​ចុះខ្សោយ​នៅ ខាងក្រៅ​មានន័យថា​លទ្ធភាព​វិល​ទៅ​ទទួលបាន​អត្រាកំណើន​ដ៏​រឹងមាំ​ដែល​ធ្លាប់មាន​នៅមុន​ការផ្ទុះ​ជំងឺ រាតត្បាត ពិតជា​នឹងមិន​ងាយ​រក​បានទេ​។ សង្គ្រាម​ដែល​នៅតែ​បន្ត​មាន​ក្នុងប្រទេស​អ៊ុយ​ក្រែ​ន ការធ្លាក់ចុះ នៃ​សេដ្ឋកិច្ច​នៅ​សហរដ្ឋអាមេរិក — ដែលជា​ទីផ្សារ​នាំចេញ​ដ៏​ធំ​បំផុត​របស់​កម្ពុជា – និង​កំណើន​យឺត​នៅ ក្នុងប្រទេស​ចិន កត្តា​ទាំងអស់នេះ​នឹង​ជះឥទ្ធិពល​មិនល្អ​មកលើ​ទស្សនវិស័យ​ពាណិជ្ជកម្ម របស់​កម្ពុជា​។ ប្រទេស​នេះ​ក៏​ងាយ​រងគ្រោះ​ខ្លាំង​ពី​ផលប៉ះពាល់​នៃ​ការប្រែប្រួល​អាកាសធាតុ​ផងដែរ ដោយសារ​ត្រូវ ប្រឈម​នឹង​ទឹកជំនន់ និង​គ្រោះរាំងស្ងួត​ញឹកញាប់​។​

​ហិរញ្ញប្បទាន​នេះ​ទ្រទ្រង់​ដល់​កំណែទម្រង់​ដែល​នឹង​សម្រួល​ដំណើរការ​ចុះបញ្ជី​អាជីវកម្ម​,លើកកម្ពស់​ការប្រកួតប្រជែងនិង​ពង្រីក​លទ្ធភា​ព​ទទួលបាន​ហិរញ្ញវត្ថុ​សម្រាប់​សហគ្រាស​ធុន​តូចនិង​មធ្យម​។កំណែទម្រង់​ផ្សេងទៀត​នឹង​បង្កើន​ភាព​ធន់​នៃ​សារពើពន្ធរួមទាំង​ការកែលម្អ​កា​រ​គ្រប់គ្រង​ភាពជា​ដៃគូ​រវាង​ផ្នែកសាធារណៈ​និង​ឯកជននិង​ការសម្រួល​ដល់​ការលក់​ប័ណ្ណបំណុល​របស់​រដ្ឋាភិបាល​ក្នុង​ទីផ្សារ​ក្នុងស្រុក​។​

​ប្រតិបត្តិការ​របស់​ហិរញ្ញប្បទាន​នេះ​ក៏​នឹង​ជួយ​សម្រួល​ដល់​ការផ្ដល់​ជំនួយ​ទាន់ពេលវេលា​ដល់​ក្រុមគ្រួសារ ដែល​ងាយ​រងគ្រោះ ក្នុងករណី​មាន​គ្រោះមហន្តរាយធម្មជាតិ ឬ​វិបត្តិ​សេដ្ឋកិច្ច ណាមួយ​កើតឡើង​។​

​ធនាគារពិភពលោក​បាន​អះអាងថា ហិរញ្ញប្បទាន​នេះ ឈរលើ​ផែនការ​របស់​រដ្ឋាភិបាល​សម្រាប់​ស្ដារ​សេដ្ឋកិច្ច​ឡើងវិញ​ក្រោយ​សម័យ​ជំងឺ​រាតត្បាត ដែលមាន​គោលបំណង​ទូលំទូលាយ​បី គឺ​ការស្ដារ​សេដ្ឋកិច្ច​, កំណែទម្រង់ និង​ការបង្កើន​ភាព​ធន់ និង​បន្ថែម​ពីលើ ហិរញ្ញប្បទាន​ចំនួន ២០០ លាន​ដុល្លារ​អាមេរិក សម្រាប់​គម្រោង​ពាក់ព័ន្ធ​នឹង​ការស្តា​និង​បន្សាំ​សេដ្ឋកិច្ចកម្ពុជា ដែល​ត្រូវ​បានអនុម័ត​នៅក្នុង​ឆ្នាំ​២០២១​។ ហិរញ្ញប្បទាន​នេះ​នឹង​ជួយ​សម្រាល សម្ពាធ​ផ្នែក​សារពើពន្ធ​ខ្លះ​ដែល​រដ្ឋាភិបាល​កំពុង​ជួបប្រទះ ដោយសារ​មាន​ឱនភាព​ដែល​គួរសម​ដែរ​នៅក្នុង ប៉ុន្មាន​ឆ្នាំនេះ​។ ឥណទាន​ចំនួន ២៧៤​លាន​ដុល្លារ​អាមេរិក​នេះ ត្រូវបាន​ផ្ដល់​ដោយ​សមាគម​អភិវឌ្ឍន៍​អន្តរជាតិ (IDA) ដែលជា​មូល​និធិ​របស់​ធនាគារ​ពិភពលោក​សម្រាប់​ជួយ​ដល់​ប្រទេស​ក្រីក្រ​៕ដោយៈសិរីមតី​