សន្ដិសុខសង្គម

តុលាការដោះលែងមន្ត្រីយោធាបាញ់សម្លាប់​ជនសង្ស័យថាចោរនៅខណ្ឌសែនសុខ

ភ្នំពេញ៖ប្រភពព័ត៌មានបានឱ្យដឹងថា ចៅក្រមតុលាការភ្នំពេញ កាលពីថ្ងៃទី១៩ ខែធ្នូ បានដោះលែង​ជនត្រូវចោទឈ្មោះ សៅ សុខុន អាយុជាង៤០ឆ្នាំ ជាមន្ត្រីយោធាថ្នាក់វរសេនីយ៍ទោនិងជាជំនួយការ​ឧកញ៉ាម្នាក់ ក្រោយពីជាប់ពន្ធនាគាររាជធានីភ្នំពេញ PJជាង១ខែ ពីបទមនុស្សឃាតដោយអចេតនា តាមមាត្រា ២០៧ នៃក្រមព្រហ្មទណ្ឌ ។

សូមបញ្ជាក់ថា កាលពីរសៀលថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២២ តុលាការភ្នំពេញបានចេញដីកាឃុំខ្លួន​ជនត្រូវចោទ​ឈ្មោះ សៅ សុខុន ជាមន្ត្រីយោធាជិះរថយន្តម៉ាក Lexus 570 ផ្លាកលេខ ភ្នំពេញ 2BK-7799 ដាក់ពន្ធនាគារ PJ ជាបណ្តោះអាសន្ន  ។

ជនដៃដល់បានបាញ់សម្លាប់បុរសម្នាក់នៅសង្កាត់ភ្នំពេញថ្មី ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ខណៈពេលជនរូបនោះបានចូលខ្លួនសារភាពនៅស្នាក់ការនគរបាលប៉ុស្តិ៍បឹងកក់ទី១ ខណ្ឌទួលគោក ។ជនដៃដល់បានបាញ់សម្លាប់បុរសម្នាក់កាលពីរសៀលថ្ងៃទី២ ខែវិច្ឆិកាកន្លងទៅនៅផ្លូវលេខ១០១១ កែងផ្លូវ SOS ក្នុងខណ្ឌសែនសុខ បន្ទាប់ពីសមត្ថកិច្ចដេញចាប់មុខសញ្ញាហើយស្រែកចោរៗ ។

ជនរងគ្រោះឈ្មោះ រិទ្ធិ ចិត្ត្រា អាយុ ២៤ ឆ្នាំ នៅសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ត្រូវ២គ្រាប់ ចំខ្នងធ្លាយមកទ្រូង ដួលស្លាប់លើចិញ្ចើមផ្លូវចម្ងាយប្រមាណជាង១០០ម៉ែត្រពីកន្លែងបាញ់​ដោយជិះម៉ូតូម៉ាកស្កុបពីផ្លាកលេខភ្នំពេញ1JG-4729 ៕ដោយ៖វិចិត្រ