អន្តរជាតិ

តាលីបង់បិទមិនឲ្យស្រ្តីអាហ្វហ្គានីស្ថាន ទាំងអស់ក្នុងប្រទេសចូលសិក្សាថ្នាក់សកលវិទ្យាល័យ

ងាកមកឯរដ្ឋបាលតាលីបង់អាហ្វហ្គានីស្ថានវិញ នៅថ្ងៃអង្គារសប្តាហ៍នេះបានប្រកាសបិទវិស័យអប់រំ​លើស្រ្តីអាហ្វហ្គានីស្ថានទាំងអស់ទូទាំងប្រទេសមិនឲ្យចូលសិក្សាថ្នាក់ឧត្តមសិក្សាសកលវិទ្យាល័យ។

អ្នក​នាំ​ពាក្យ​ក្រសួង​ឧត្តម​សិក្សា​អាហ្វហ្គានីស្ថាន​ បាន​បញ្ជាក់​ពី​ការ​ផ្អាក​នេះពិតប្រាកដមែនទៅកាន់​បណ្តាញ​ទូរទស្សន៍ CNN កាល​ពី​ថ្ងៃ​អង្គារទី ២០ ខែធ្នូ ឆ្នាំ២០២២។ លិខិត​ដែល​ចេញ​ផ្សាយ​ដោយ​ក្រសួង​អប់រំ​បាន​និយាយ​ថា​ ការ​សម្រេច​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ក្នុង​កិច្ច​ប្រជុំ​គណៈរដ្ឋមន្ត្រីនៃរដ្ឋបាលតាលីបង់​ទាំងមូល​ ហើយ​បទបញ្ជា​នឹង​ចូល​ជា​ធរមាន​ភ្លាមៗ។ ប្រភព CNN មិនបានលម្អិតអំពីមូលហេតុដែល​ឈានដល់ការសម្រេចបិទមិនឲ្យស្រ្តីអាហ្វហ្គានីស្ថានអាចចូលមហាវិទ្យាល័យនោះទេ។ សេចក្តីប្រកាសនេះ បានធ្វើឲ្យសហគមន៍អន្តរជាតិ អ្នកឃ្លាំមើលសិទ្ធិមនុស្ស ក៏ដូចជាសហរដ្ឋ​អាម៉េរិកហាក់ភ្ញាក់ផ្អើលយ៉ាងខ្លាំង និងបានចេញការថ្កោលទោសដាក់រដ្ឋបាលតាលីបង់យ៉ាងខ្លាំង។

អង្គការឃ្លាំមើលសិទិ្ធមនុស្សបានរិះគន់ការហាមប្រាមកាលពីថ្ងៃអង្គារ ដោយហៅនេះថាជា “ការសម្រេចចិត្តដ៏អាម៉ាស់ដែលរំលោភសិទ្ធិទទួលបានការអប់រំសម្រាប់ស្ត្រី និងក្មេងស្រីនៅក្នុង​ប្រទេសអាហ្វហ្គានីស្ថាន”។ ដោយឡែក អ្នកនាំពាក្យក្រសួងការបរទេសសហរដ្ឋអាម៉េរិក លោក Ned Price បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃអង្គារដែរថា សហរដ្ឋអាម៉េរិកថ្កោលទោស “ការសម្រេចចិត្តដែលមិនអាចប្រកែកបានរបស់ពួកតាលីបង់ក្នុងការហាមឃាត់ស្ត្រីពីសាកលវិទ្យាល័យ”។ “តាលីបង់នឹងទទួលបានផលវិបាកយ៉ាងខ្លាំង ពួកគេនឹងត្រូវផ្តាច់ខ្លួនពីសហគមន៍អន្តរជាតិ បដិសេធពួកគេនូវភាពស្របច្បាប់ដែលពួកគេចង់បាន”។

​ចាប់តាំងពី​ដណ្តើម​អំណាច​នៅ​អាហ្វហ្គានីស្ថាន​កាល​ពី​ឆ្នាំ​មុន ក្រុម​តាលីបង់​បាន​ព្យាយាម​បង្ហាញ​រូបភាពក្នុង​កម្រិត​មធ្យម​ដើម្បី​ទទួល​បាន​ការ​គាំទ្រ​ពី​អន្តរជាតិ និងបានសន្យាជាច្រើនចំពោះ​សហគមន៍អន្តរជាតិថាខ្លួននឹងការពារសិទ្ធិស្ត្រី និងកុមារីទាំងអស់ តែពួកតាលីបង់បាននិងកំពុងធ្វើផ្ទុយ​ពីនេះ ដោយមានការគៀបសង្កត់ជាប្រព័ន្ធលើសិទ្ធិ និងសេរីភាពរបស់ពួកគេ៕

ប្រភព៖ ​ CNN

ប្រភពរូប៖CNN
ប្រែសម្រួល៖សុខ តុលា