សន្ដិសុខសង្គម

ជនមិនស្គាល់មុខវាយព្រះពុទ្ធរូបមួយអង្គបាក់បែកជាច្រើនបំណែក

បាត់ដំប៖ជនមិនស្គាល់មុខជិះម៉ូតូមកវាយបំផ្លាញព្រះពុទ្ធរូបសង់ពីថ្មកែវមួយអង្គគង់ក្នុងវត្តពោធិ៍ក្នុង ក្រុងបាត់ដំបង បណ្តាលឱ្យបាក់បែកនិងបាក់ធ្លាក់ព្រះកេស។

ព្រះសង្ឃគង់ក្នុងវត្តពោធិ៍ក្នុង មានសង្ឃដីកាថា ករណីវាយបំបាក់ព្រះកេសព្រះពុទ្ធរូបជា​សមិទ្ធផលវត្តនេះ បានកើតឡើងកាលពីរសៀលថ្ងៃទី២០ ខែធ្នូ ត្រង់ទីសក្ការបូជាមួយកន្លែង​នៅក្រោមដើមពោធិ៍ ក្នុងបរិវេណវត្តពោធិ៍ក្នុង ភូមិរំចេក សង្កាត់រតន: ក្រុងបាត់ដំបង។

សង្ឃដដែលបានបន្តថា រសៀលថ្ងៃកើតហេតុ មានជនមិនស្គាល់អត្តសញ្ញាណម្នាក់បានជិះម៉ូតូ និងមានពាក់មួកសុវត្ថិភាពបិទជិត អាយុប្រមាណជិត២០ឆ្នាំ។ជនសង្ស័យបានចុះពីលើម៉ូតូហើយទាញដុំថ្មដែលនៅក្បែរនោះរួចវាយទាំងកំរោលផ្ទួនៗបណ្តាលឱ្យបែកជាបំណែកៗ និងបាក់កព្រះកេសធ្លាក់ចុះមកដី។

ព្រះពុទ្ធរូបដែលរងការបំផ្លាញនេះមានកម្ពស់ជាងកន្លះម៉ែត្រ សង់ពីថ្មកែវ ត្រូវបានគណ:កម្មការវត្ត​រៀបចំនៅក្រោមដើមពោធិ៍ជាទីសក្ការ: ដែលឧបត្ថម្ភដោយព្រះសង្ឃមួយអង្គគង់នៅខេត្តព្រះវិហារ ទុកជាទីសក្ការ:គោរពបូជារបស់ពុទ្ធសាសនិកជនខ្មែរចំណុះជើងវត្តជិតឆ្ងាយ៕ដោយ៖ព្រះអង្គខ្មៅ