សន្ដិសុខសង្គម

ឆេះផ្ទះលក់ទំនិញអនឡាញ របួសក្មេងម្នាក់ ខូចខាតម៉ូតូ,កង់៥គ្រឿងនិងសម្ភារជាច្រើន

ភ្នំពេញ៖ភ្លើងបានឆាបឆេះផ្ទះលក់ទំនិញតាមអនឡាញមួយកន្លែងក្នុងបុរីប៉េងហួត២ យ៉ាងសន្ធោសន្ធៅ បណ្តាលឱ្យក្មេងប្រុសតូចម្នាក់រងរបួស ខូចខាតម៉ូតូ,កង់ចំនួន៥គ្រឿងនិងសម្ភារជាច្រើន។ហេតុការណ៍បង្កការភ្ញាក់ផ្អើលនេះនៅផ្លូវលេខ៦ ភូមិខ្ទរ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា កាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី២១ ខែធ្នូ។

សមត្ថកិច្ចមូលដ្ឋានបានឱ្យដឹងថា ម្ចាស់ផ្ទះដែលឆេះឈ្មោះ​សិទ្ធ រីដា ភេទ​ស្រី អាយុ ២៩ឆ្នាំ លក់ឡេតាមអនឡាញ។ផ្ទះប្រភេទថ្មបេតុង ទំហំ៥ម៉ែត្រគុណ១៥ម៉ែត្រ ខូចខាតម៉ូតូ​២គ្រឿង-កង់៣គ្រឿង-ម្សៅឡេ រួមជាមួយសម្ភារជាច្រើននិងក្មេងប្រុសអាយុ១ខួបម្នាក់រងរបួស។ជាមួយនោះភ្លើងបានឆេះរោលបន្តិចបន្តួចផ្ទះអ្នកក្បែរខាងមួយចំនួន ដែលគ្រោះអគ្គិភ័យនេះបណ្តាលមកពីឆ្លងចរន្តអគ្គីសនី។

ពេលភ្លើងកំពុងឆេះ កម្លាំង​អន្តរាគមន៍បានចេញ​រថយន្តបង្ការពន្លត់អគ្គិភ័យចំនួន៧​គ្រឿង ប្រើប្រាស់ទឹកអស់៥​រថយន្ត ទើបភ្លើងរលត់៕ដោយ៖វិចិត្រ