សន្ដិសុខសង្គម

ឆេះបំផ្លាញផ្ទះមួយខ្នងនិងទ្រព្យសម្បត្តិ គិតជាទឹកប្រាក់ជាង៥ម៉ឺនដុល្លារ

ក្រចេះ៖អគ្គិភ័យបានឆាបឆេះបំផ្លាញផ្ទះលក់ទំនិញមួយកន្លែងជាមួយសម្ភារ ទ្រព្យសម្បត្តិ គិតជាទឹកប្រាក់​អស់ប្រមាណជាង ៥០.០០០ដុល្លារ។ ហេតុការណ៍នេះបានកើតឡើងនៅផ្សារស្នួល ស្រុកស្នួល ខេត្តក្រចេះ កាលពីម៉ោងជាង១០យប់ ថ្ងៃទី២០ ខែធ្នូ។

មន្ត្រីនគរបាលស្រុកស្នួលបានឱ្យដឹងថា ម្ចាស់ផ្ទះរងគ្រោះឈ្មោះ ម៉ន ចន្ធូ ​ អាយុ​៣៧ឆ្នាំ​ ប្រពន្ធឈ្មោះ​ ពៅ ដាលីន អាយុ​៣៥ឆ្នាំ​ ជាអ្នកលក់ដូរ។

គ្រោះអគ្គិភ័យនេះបង្កការខូចខាតផ្ទះ១ខ្នង ​ទំហំ​ទទឹង​៥ម៉ែត្រ ​បណ្ដោយ​៣៥ម៉ែត្រ​ ផ្ទះថ្មប្រក់ក្បឿង ខូចខាតបន្ទប់ខាងក្រោមជាន់ទី២និងឆេះឃ្លាំងដាក់អីវ៉ាន់ធ្វើអំពីដែកប្រក់ស័ង្កសី ព្រមទាំងទំនិញលក់ដូរជាច្រើនប្រភេទ។ក្នុងនោះមាន៖ ម៉ាស៊ីនបូមទឹក, ទុយោបូមទឹក, សំបកកង់រថយន្តគ្រប់ប្រភេទ, យ៉ាន់រថយន្ត, គ្រែយក្ស១, គ្រឿងបន្លាស់រថយន្ត, ធុងបាញ់ថ្នាំនិងសម្ភារប្រើប្រាស់មួយចំនួនទៀត សរុបជាទឹកប្រាក់ប្រមាណ៥០.០០០ដុល្លារ។

មន្ត្រីដដែលបានបន្តថា ករណីខាងលើសមត្ថកិច្ចបានចេញរថយន្តពន្លត់អគ្គិភ័យចំនួន៧គ្រឿង បាញ់ទឹកអស់១៥រថយន្តទើបភ្លើងរលត់ តែមិនបង្កគ្រោះថ្នាក់ដល់មនុស្សទេ។រីឯមូលហេតុកើតគ្រោះមហន្តរាយនេះបង្កពីការឆ្លងចរន្តអគ្គិសនី៕ដោយ៖ វីរ