សេដ្ឋកិច្ច

កម្ពុជា និងកូរ៉េខាងត្បូង សម្រេចពាណិជ្ជកម្មបានកន្លះលានដុល្លារ ក្នុងពេល២សប្តាហ៍

ភ្នំពេញ៖តាមរយៈពាណិជ្ជកម្មសេរី ដែលចូលជាធរមានកាលពីថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២២ ពោលគឺក្នុងរយៈពេលពីរសប្តាហ៍ កម្ពុជា និងកូរ៉េខាងត្បូង សម្រេចបានពាណិជ្ជកម្មកន្លះលានដុល្លារអាមេរិក ។

នេះបើតាមការបញ្ជាក់ឱ្យដឹងពីលោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ក្នុងជំនួបពិភាក្សាការងារ និងជម្រាបលា របស់លោក ប៉ាក ហឹង-ឃ្យុង ឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូងប្រចាំនៅកម្ពុជា ដែលបញ្ចប់អាណត្តិការងារ កាលពីថ្ងៃទី២០ខែធ្នូ។

ក្នុងជំនួបនោះ លោករដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ បានកត់សម្គាល់អំពីកំណើនទំហំពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរ។ទំហំពាណិជ្ជកម្ម ប្រទេសទាំងពីរ មានការកើនឡើងដល់ទំហំទឹកប្រាក់ប្រមាណ៧៧២លានដុល្លារអាម៉េរិកក្នុងឆ្នាំ២០២០បើធៀបទៅនឹងឆ្នាំ២០១៩ សម្រេច បានត្រឹមតែ ៧២៩ លានដុល្លារអាម៉េរិក គឺមានការកើនឡើងប្រមាណ ៦ភាគរយ។លើសពីនេះ ក្នុងរយៈពេល ១០ខែ ក្នុងឆ្នាំ២០២២ ទំហំ ពាណិជ្ជកម្មប្រទេសទាំងពីរ សម្រេចបាន ៦៥៩លានដុនល្លារអាម៉េរិក គឺកើនឡើងដល់៤ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ ២០២១។ដោយឡែកតាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីគ្រាន់តែពីរសប្តាហ៍ក្នុងខែធ្នូឆ្នាំ២០២២ទំហំពាណិជ្ជកម្មរវាង ប្រទេស ទាំងពីរសម្រេចបាន ០,៥លានដុល្លារអាម៉េរិក។

លោកឯកអគ្គរាជទូត បានវាយតម្លៃខ្ពស់ និងមានជំនឿចិត្តថា ការចូលជាធរមាននៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-កូរ៉េ និងកិច្ចព្រមព្រៀងមិនយកពន្ធត្រួតគ្នា នឹងបង្កើនទំនុកចិត្ត និងជំរុញបន្ថែមទៀតនូវការវិនិយោគ និងធុរកិច្ចកូរ៉េ៕