សេដ្ឋកិច្ច

កម្ពុជា​ទទួលបាន​ភ្ញៀវទេសចរ​អន្តរជាតិ ១.៩​លាន​នាក់​ក្នុង​រយៈពេល​១១​ខែ​ឆ្នាំ​២០២២

ភ្នំពេញ​៖ រយៈពេល​១១​ខែ ចាប់ពី​ខែមករា​-​វិច្ឆិកា ឆ្នាំ​២០២២ កម្ពុជា​ទទួលបាន​ភ្ញៀវទេសចរ​អន្តរជាតិ​សរុប​ចំនួន ១ ៩១៤ ០៥៥​នាក់ កើនឡើង​ជាង​១​ពាន់​ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ​២០២១​។​

​នៅ​កិច្ចប្រជុំ​ត្រួតពិនិត្យ​លើ​ការសម្រួល​ការធ្វើដំណើរ និង​ដឹកជញ្ជូន​ភ្ញៀវទេសចរ និង​អ្នកដំណើរ​នៅ​តំបន់​ច្រកទ្វារព្រំដែន​អន្តរជាតិ និង​ច្រក​ទ្វារ​អន្តរជាតិ​ទូទាំងប្រទេស(​គ​.​អ​.​ច​.​ទ​.)ដែល​ធ្វើឡើង​នា​ថ្ងៃទី​២០ខែធ្នូ ឆ្នាំ​២០២២លោក ហោ សារុន រដ្ឋលេខាធិការ​ក្រសួងទេស​ចរ​ណ៍ បានឱ្យដឹងថា​ចំនួន​ភ្ញៀវទេសចរ​អន្តរជាតិ​ចូលមក​កម្ពុជា​មានការ​កើន​ជា​លំដាប់​ពីមួយ​ខែ​ទៅមួយ​ខែ ដែល​ឆ្លុះបញ្ចាំង​ឱ្យឃើញ​ពី​ភាពជឿ​ទុកចិត្ត​ក្នុងចំណោម​ភ្ញៀវទេសចរ សន្តិសុខ​សុវត្ថិភាព​និង​ភាព​ទាក់ទាញ​ក្នុង​វិស័យ​ទេសចរណ៍ និង​យកចិត្តទុកដាក់​ដឹកនាំ គិតគូរ​ត្រឹមត្រូវ​របស់​ក្រសួងទេសចរណ៍ និង​បណ្តា​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​ទាំងអស់​។​

​លោក​បាន​ថ្លែងថា​៖​ក្នុង​រយៈពេល​១១​ខែ ដើមឆ្នាំ​២០២២​នេះ ភ្ញៀវទេសចរ​អន្តរជាតិ​ចូលមក​កម្ពុ​ជាមាន​ចំនួន​១,៩១៤,០៥៥​នាក់ ដែលមាន​កំណើន​រហូត​ដល់ ១ ០៧១.៦% ធៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ​២០២១ ដែល​នេះ​គឺជា​ការកើនឡើង​គួរឱ្យកត់សម្គាល់​មួយ​។​ក្នុងនោះ​តាមផ្លូវ​អាកា​សមាន​ចំនួន​៦៧៣,៦៦៩​នាក់ ស្មើនឹង​៣៥.២% តាមផ្លូវ​គោក​មាន​ចំនួន​១,២២៦,១១៥​នាក់ ស្មើនឹង​៦៤.១% និង​តាមផ្លូវ​ទឹក​មាន​ចំនួន​១៤,២៧១​នាក់ ស្មើនឹង​០.៧%​។​

​ភ្ញៀវទេសចរ​នៃ​បណ្តា​ប្រទេសជិតខាង​នៅតែមាន​ចំនួន​ច្រើន​នាំមុខគេ​ដដែល ក្នុងនោះ​ភ្ញៀវទេសចរ​ជនជាតិ​ថៃ​បាន​នាំមុខគេ​ដែលមាន​ចំនួន​៧២០,២០៣​នាក់ ភ្ញៀវទេសចរ​ជនជាតិ​វៀតណាម​ស្ថិតនៅក្នុង​លំដាប់​ទី​២​ដែលមាន​ចំនួន​៤០១,១៩៣​នាក់​ដោយឡែក​ភ្ញៀវទេសចរ​ជនជាតិ​ចិន​ស្ថិតនៅ​ក្នុ​លំដាប់​ទី​៣​ដែលមាន​ចំនួន​៩០,៦៤៨​នាក់​។ ក្រៅពីនេះ មាន​ភ្ញៀវទេសចរ​ជនជាតិ​អាមេរិក ឡាវ ឥណ្ឌូណេស៊ី កូរ៉េខាងត្បូង បារាំង ម៉ាឡេស៊ី អង់គ្លេស​ជាដើម​៕​ដោយៈផាវី