កីឡា

Benzema ចូល​និវត្តន៍​ពី​ក្រុម​ជម្រើសជាតិ ក្រោយ​ខកខាន​ចូល​រួម នៅ World Cup

ខ្សែប្រយុទ្ធ Karim Benzema របស់​ក្រុម​ជម្រើសជាតិបារាំង បានប្រកាសចូលនិវត្តន៍ពីបាល់ទាត់អន្តរជាតិ ក្នុងថ្ងៃខួបកំណើតគម្រប់ ៣៥ឆ្នាំរបស់ខ្លួន កាលពីថ្ងៃចន្ទ ពោល​គឺ ១ថ្ងៃបន្ទាប់ពីក្រុមរហស្សនាម «Les Bleus» (ពណ៌ខៀវ) បាន​ចាញ់ក្រុមអាហ្សង់ទីន ដោយការ​ទាត់​បាល់ប៉េណាល់ទីកាត់​ក្ដី ក្នុងការប្រកួត វគ្គផ្តាច់ព្រ័ត្រនៃ​ព្រឹត្តិការណ៍ World Cup។

កីឡាករ Benzema ដែល​ជា​​ម្ចាស់ពានរង្វាន់ Ballon d’Or និង​ដែលស៊ុតបញ្ចូលទីបាន ៣៧ដងពីការបង្ហាញខ្លួន ៩៧លើក ត្រូវបានគេរំពឹងថា នឹងនាំ​មុខ​គេ ក្នុងក្រុមបារាំង នៅ​ប្រទេសកាតា ប៉ុន្តែបានអវត្តមាន​ពី World Cup ដោយសារ​រងរបួសភ្លៅ ក្នុងពេល​ហ្វឹកហាត់ ១ថ្ងៃមុនពេល ការ​ប្រកួត​ផ្លូវ​ការ​ចាប់ផ្តើម។

កីឡាករ Benzema បានសរសេរនៅលើគណនី Twitter ថា៖ «ខ្ញុំបានខិតខំប្រឹងប្រែងយ៉ាង​ខ្លាំង និងបង្កើត​កំហុស​ជាច្រើន ដែលវា​បាន​នាំ​ខ្ញុំឱ្យ​ដល់​ទៅកន្លែងសព្វថ្ងៃនេះ ហើយខ្ញុំមានមោទនភាពចំពោះគ្រប់យ៉ាង។ ខ្ញុំបានសរសេររឿងរបស់ខ្ញុំ ហើយរឿងរបស់យើងកំពុង​ដល់​ទីបញ្ចប់ហើយ»​។

កីឡាករ Benzema បានបង្ហាញខ្លួនជាអន្តរជាតិលើកដំបូង ក្នុងឆ្នាំ២០០៧។ រូប​គេ​បានចូល​លេង ក្នុង​ការប្រកួត​ប្រជែងជើងឯកអឺរ៉ុប ក្នុងឆ្នាំ២០០៨ និងឆ្នាំ២០១២ ក៏ដូចជា World Cup 2014 ប៉ុន្តែត្រូវបានដកចេញឈ្មោះ​ពីក្រុមការប្រកួតសំខាន់ៗចំនួន ២ នាពេល​បន្ទាប់ ដោយសារមាន​ពាក់ព័ន្ធ​នឹង​រឿងអាស្រូវជំរិតទារ​ប្រាក់។

រូប​គេ​ត្រូវបានកោះ​ហៅមកក្រុម​ជម្រើសជាតិ​វិញ សម្រាប់ Euro 2020 កាលពីឆ្នាំមុន ដែលក្រុមរបស់លោក Didier Deschamps បានធ្លាក់​​យ៉ាង​ឆាប់រហ័ស ហើយរូប​គេ​បានជួយក្រុម​បារាំងឈ្នះពានរង្វាន់ ក្នុង​កម្មវិធី Nations League កាលពី​ខែខែតុលា ឆ្នាំ២០២១។

ចាប់តាំងពីត្រឡប់មកក្រុមជម្រើស​ជាតិវិញ ខ្សែប្រយុទ្ធ​របស់​ក្រុម​អធិរាជាស Real Madrid រូប​នេះ ស៊ុតបញ្ចូលទីបាន ១០គ្រាប់ ក្នុងចំណោមការបង្ហាញខ្លួន ១៦លើក ប៉ុន្តែត្រូវបង្ខំចិត្ត​អង្គុយ​នៅ​ក្រៅ​​ព្រឹត្តិការណ៍ World Cup ដែលបានបញ្ចប់ទៅដោយក្រុម​បារាំង​របស់​ខ្លួនរង​បរាជ័យ ៤-២ ក្នុងវគ្គ​ប៉េណាល់ទីកាត់​ក្ដី ក្រោម​ដៃ​របស់​ក្រុមអាហ្សង់ទីន កាលពីថ្ងៃអាទិត្យ៕