កីឡា

​បារាំង​ទទួល​បាន​ការ​ស្វាគមន៍ខ្លាំង​ពីអ្នក​គាំទ្រ ទោះ​រង​បរាជ័យ នៅ World Cup

ក្រុមបាល់ទាត់ជម្រើសជាតិបារាំង បានត្រឡប់ពីប្រទេសកាតាទៅ​ប្រទេស​របស់​ខ្លួន​វិញហើយ ដោយ​ទទួលបាន​ការសាទរពីក្រុម​មនុស្សយ៉ាងច្រើន ដែល​មក​កកកុញ ក្នុង​ទីក្រុងប៉ារីស កាលពីថ្ងៃចន្ទ បន្ទាប់ពីការរង​បរាជ័យ​ដោយ​ភាព​អង់អាចរបស់ពួកគេ ក្រោមស្នាដៃរបស់​ក្រុមអាហ្សង់ទីន ក្នុង​ការប្រកួតវគ្គផ្តាច់ព្រ័ត្រនៃព្រឹត្តិការណ៍   World Cup ដែលនាំ​ឱ្យពួកគេទទួល​បាន​កោតសរសើរ ទាំង​នៅ​ក្នុងប្រទេស និងជុំវិញពិភពលោក។

គ្រូបង្វឹក ដែលដឹក​នាំ​​ក្រុមកីឡាករ​ល្បី​ៗ និង​ឆ្នើម​ៗ ដូចជាខ្សែប្រយុទ្ធ Kylian Mbappe ដែលគ្រាប់​បាល់​ហ៊ែតទ្រិក (៣គ្រាប់) ដ៏គួរឱ្យរំភើបរបស់​គេ ក្នុងវគ្គផ្តាច់ព្រ័ត្រ កាលពីថ្ងៃអាទិត្យ បានជួយ​ទាញ​ក្រុមបារាំងឱ្យ​ចេញ​ពីគែមនៃបរាជ័យនោះ បានធ្វើដំណើរពីអាកាសយានដ្ឋាន​នៃ​ក្រុង​ប៉ារីស ដែលនៅ​ទី​នោះ បុគ្គលិកបាន​ទះដៃអបអរ​ ពេលពួកគេចុះពីយន្តហោះ ហើយ​បាន​ឆ្ពោះ​ទៅកាន់​ចំណុច​កណ្ដាលនៃរដ្ឋធានី ជាកន្លែង ដែលមនុស្សរាប់ពាន់នាក់ បានមក​ប្រមូលផ្តុំគ្នា ដើម្បីរង់ចាំ​ស្វាគមន៍ពួកគេ។

ទោះបីវាជាពេល​ល្ងាច​ដ៏ស្រអាប់ និងត្រជាក់នៃ​ខែធ្នូ​ក៏​ដោយ ក៏មនុស្សរាប់ពាន់នាក់ បានមកជួបជុំគ្នា នៅឯទីលាន Place de la Concorde ក្នុង​ទីក្រុងប៉ារីស។ អ្នក​គាំទ្រ​បាន​ដុតកាំជ្រួច គ្រវី​ទង់​ជាតិ​បារាំង​ និង​ស្រែក​ច្រៀងពាក្យ «Allez Les Bleus» (​ឆ្ពោះ​ទៅមុខក្រុម​ពណ៌ខៀវ) និង​ភ្លេងជាតិ​បារាំង ខណៈ​ក្រុម​បាន​បង្ហាញ​ខ្លួន​នៅ​លើ​យ៉​នៃ​សណ្ឋាគារ Hotel de Crillon ដ៏​មាន​កិត្យានុភាព។

គ្រូបង្វឹកលោក Didier Deschamps និងប្រធានក្រុម Hugo Lloris បាន​លើក​ដៃ​គ្រវី​ស្វាគមន៍​ទៅកាន់ក្រុម​អ្នក​គាំទ្រ​ពីយ៉នោះ។ ក្រោយមក អ្នក​ទាំង២ ក៏​ត្រូវបានចូលរួមដោយកីឡាករ​ផ្សេង​ទៀត និងកីឡាករ Mbappe ដែលទទួល​បាន​សំឡេង​ហ៊ោអបអរយ៉ាង​កង​រំពង​ពី​ក្រុម​មនុស្សទាំង​អស់​នោះ។

ក្រុម​អាហ្សង់ទីន បានឈ្នះពាន​រង្វាន់ World Cup ជាលើកទី៣ របស់ពួកគេ កាលពីថ្ងៃអាទិត្យ ដោយ​សារ​ពួកគេដណ្ដើម​បាន​ជ័យជម្នះ ៤-២ លើក្រុមបារាំង ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ ដោយការស៊ុតបាល់ប៉េណាល់ទីកាត់​ក្ដី  បន្ទាប់ពីស៊ុបភើស្តារ Lionel Messi ស៊ុតបញ្ចូលទីបាន ២គ្រាប់ ក្នុងលទ្ធផលស្មើ ៣-៣ ហើយកីឡាករ Mbappe សម្រេច​បាន​ហ៊ែតទ្រិក (ស៊ុត ៣គ្រាប់) ដែល​ជា​គ្រាប់​បាល់​ជួយ​ឱ្យ​ក្រុមជើង​ឯក​ចាស់ តាម​ស្មើ​ពី​ការ​នាំ​មុខ ២-០ និង ៣-២៕