កីឡា

អាហ្សង់ទីន នឹង​ធ្វើ​ពិធី​អបអរ​ World Cup នៅ Obelisk ក្នុង​ក្រុង Buenos Aires

ក្រុមបាល់ទាត់ជម្រើសជាតិអាហ្សង់ទីន នឹងប្រារព្ធពិធីអពអរ​នៃ​ការ​ឈ្នះពានរង្វាន់ World Cup របស់ពួកគេ នៅថ្ងៃអង្គារនេះ ក្នុង​ទីក្រុង Buenos Aires នៅឯវិមានអនុស្សាវរីយ៍​ Obelisk ដែលជាចំណុចកណ្តាលនៃការប្រារព្ធពិធីកីឡាប្រពៃណី។ នេះ​បើ​តាម​ការ​ឱ្យ​ដឹង​ពី​សហព័ន្ធ​កីឡាបាល់​ទាត់​ជាតិ (AFA) កាលពី​ថ្ងៃចន្ទ។

AFA បានបញ្ជាក់​នៅលើគណនី Twitter ផ្លូវការរបស់ខ្លួនថា៖ «ក្រុមជើងឯកពិភពលោក នឹងចាកចេញ នៅ​ថ្ងៃត្រង់ នាថ្ងៃ​អង្គារនេះ ឆ្ពោះ​ទៅកាន់​វិមាន Obelisk ដើម្បីប្រារព្ធ​ពិធី​អបអរពានរង្វាន់ពិភពលោកជាមួយ​អ្នកគាំទ្រ»។

ក្រុមពពកស​អាហ្សង់ទីន ដែលដណ្ដើម​បាន​ជ័យ​ជម្នះ​លើ​ក្រុមមាន់គកបារាំង កាលពីថ្ងៃអាទិត្យ នឹងធ្វើ​ដំណើរ​មកដល់ប្រទេសរបស់​ខ្លួន នៅព្រឹកថ្ងៃអង្គារនេះ តាមជើងហោះហើររបស់រដ្ឋ ហើយចំណាយពេលមួយយប់ នៅឯមជ្ឈមណ្ឌលហ្វឹកហ្វឺនរបស់សហព័ន្ធ ដែលមានទីតាំង នៅជិតអាកាសយានដ្ឋាននេះតែម្ដង។ នេះ​បើយោងតាមបណ្ដាញ​សារព័ត៌មាន ក្នុងស្រុក។

ក្រុម​អាហ្សង់ទីន ​បាន​យក​ឈ្នះ​ក្រុមបារាំង​ ក្នុង​លទ្ធផល ៤-២ ដោយការ​ទាត់​បាល់​ប៉េណាល់ទីកាត់​ក្ដី ក្រោយ​ពី​ស្មើគ្នា ៣-៣ ក្នុង​ការ​ប្រកួត​ដ៏​ជក់​ចិត្តរយៈ​ពេល ១២០នាទី​ ​ដែល​ភាគ​ច្រើនបាន​ចាត់​ទុក​ថា ជា​វគ្គ​ផ្តាច់​ព្រ័ត្រ​ល្អ​បំផុត​មួយ ​ក្នុង​ប្រវត្តិសាស្ត្ររបស់ World Cup។

ប្រជា​ជន​អាហ្សង់ទីន ដែលបានដើរគ្រប់​ច្រកល្ហក​នៃផ្លូវ​ទាំង​អស់​របស់ប្រទេស បន្ទាប់ពីក្រុម​ឈ្នះពានរង្វាន់ World Cup ជាលើកទី៣ កំពុងរង់ចាំយ៉ាងអន្ទះសានៃ​ការមកដល់របស់ក្រុម ដើម្បីបន្តការប្រារព្ធពិធីនេះ។

ប្រធានក្រុមជម្រើស​ជាតិ កីឡាករពេញ​ដោយ​ទេពកោសល្យ Lionel Messi បាននិយាយថា៖ «ខ្ញុំចង់នៅអាហ្សង់ទីន ដើម្បីបាន​ឃើញ​ថា តើវា​នឹង​មាន​ភាព​រីក​រាយ​កម្រិត​ណា​ទៅ។ ខ្ញុំចង់ឱ្យពួកគេរង់ចាំខ្ញុំ ខ្ញុំមិនអាចរង់ចាំបាន​ទៀត​ទេ ក្នុង​ការ​ទៅទីនោះ ដើម្បី​រីករាយជាមួយពួកគេ»៕