សន្ដិសុខសង្គម

អគ្គិភ័យឆេះបំផ្លាញផ្ទះមួយខ្នង និងទ្រព្យសម្បត្តិអស់គ្មានសល់

ស្វាយរៀង៖អគ្គិភ័យបានឆាបឆេះបំផ្លាញផ្ទះមួយខ្នងនិងទ្រព្យសម្បត្តិអស់គ្មានសល់ សមត្ថកិច្ចបានចេញរថយន្តពន្លត់អគ្គិភ័យចំនួន២គ្រឿងជួយអន្តរាគមន៍បាញ់ទឹកពន្លត់។ហេតុការណ៍នេះបានកើតឡើងនៅម្តុំផែស្ងួតសូ ងួន ស្ថិតក្នុងភូមិបាវិតកណ្តាល ក្រុងបាវិត ខេត្តស្វាយរៀង កាលពីល្ងាចថ្ងៃទី១៩ ខែធ្នូ។

កម្លាំងនគរបាលក្នុងការជួយពន្លត់បានឱ្យដឹងថា ពេលកំពុងមានហេតុការណ៍ កម្លាំងនគរបាលសហការជាមួយកងរាជអាវុធហត្ថក្រុងបាវិតនិងអាជ្ញារធរមូលដ្ឋាន បានចេញរថយន្ដពន្លត់អគ្គិភ័យចំនួន២គ្រឿងជួយបាញ់ទឹកពន្លត់ទើបភ្លើងរលត់ទាំងស្រុង។

ម្ចាស់ផ្ទះរងគ្រោះឈ្មោះ យ៉េត វាសនា អាយុ៣៣ឆ្នាំ ជាអ្នកបើកបររថយន្ត នៅភូមិបាវិតកណ្តាល ក្រុងបាវិត។ផ្ទះដែលឆេះមានទំហំ៤ម៉ែត្រគុណនិង៦ម៉ែត្រ ធ្វើពីឈើដំបូលប្រក់ស័ង្កសីខូចខាតទាំងស្រុង រួមទាំងទ្រព្យសម្បត្តិអស់គ្មានសល់ តែមិនទាន់ដឹងពីទំហំនៃការខូចខាតនោះទេ។ក្នុងគ្រោះមហន្តរាយខាងលើនេះដែរមិនបណ្ដាលឱ្យមានមនុស្សរងគ្រោះថ្នាក់ឡើយ។

មន្ត្រីដដែលបានបញ្ជាក់ថា មូលហេតុដែលបណ្តាលឱ្យមានអគ្គិភ័យខាងលើកើតឡើង គឺបណ្តាលមកពីឆ្លងចរន្តអគ្គិសនី៕ដោយ៖វិចិត្រ