អន្តរជាតិ

ហ្សេឡិនស្គីអះអាងថា ទ័ពអ៊ុយក្រែននៅជួរមុខខេត្តដូណេតវាយបែករុស្ស៊ីហើយ

ប្រធានាធិបតីអ៊ុយក្រែន លោកហ្សេឡិនស្គី បានអះអាងនៅថ្ងៃអង្គារនេះថា ទ័ពអ៊ុយក្រែននៅតាម​ជួរមុខនៃខេត្តដូណេត បានវាយបែករុស្ស៊ីហើយ ខណៈចំនួនទាហានរុស្ស៊ីបាត់បង់​កើនដល់​ប្រមាណ​១០ម៉ឺននាក់។

យោងតាមបច្ចុប្បន្នភាពរបស់ប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelenskyy ឈានចូលថ្ងៃអង្គារនេះ បាននិយាយថា ខ្សែបន្ទាត់តំបន់ Bakhmut នៃខេត្តដូណេត ដែលស្គាល់ថាជាកន្លែងកំពូល​តានតឹង​ខ្លាំងបំផុត ឥឡូវនេះមិនត្រឹមតែវាយបំបែកកងទ័ពរុស្ស៊ីប៉ុណ្ណោះទេ ថែមទាំងទាហានស៊ីឈ្នួល​របស់រុស្ស៊ីបន្ទាប់បន្សំផ្សេងទៀតផងដែរ។ «បាកមុត»គឺជាកន្លែងក្តៅបំផុតនៅលើជួរមុខទាំងមូល​រវាងភាគីទាំងពីរ – ចម្ងាយប្រមាណ ១៣០០ គីឡូម៉ែត្រនៃសកម្មភាពប៉ះទង្គិចគ្នាភាគខាងកើត​នៃប្រទេសអ៊ុយក្រែន”។ យ៉ាងណាក៏ដោយ ស្ថិតក្រោមការវាយទប់របស់កម្លាំងការពារជាតិអ៊ុយក្រែន ទ័ពរុស្ស៊ីជាច្រើនបានខូចខាតយ៉ាងដំណំ។ លោកស្គីបានអរគុណយ៉ាងខ្លាំងទៅកាន់កងកម្លាំង​ការពារអ៊ុយក្រែនទាំងអស់ ពិសេសបានយកឈ្នះរុស្ស៊ី ដោយថ្លែងអំណរគុណដល់ទាហានអ៊ុយក្រែន​ដែលមានវីរភាពក្នុងការកាន់កាប់ផ្នែកខាងមុខ រួមមានដូចតទៅ៖អរគុណដល់កងកម្លាំងខ្សែបន្ទាត់ Bakhmut, Soledar, Avdiivka, Maryinka, ផ្នែកខាងមុខ Kreminna ក៏ដូចជាកងកម្លាំងនៅ Donbas ទាំងមូល។

លោកស្គីក៏បានលើកឡើងពីទំហំនៃទាហានរុស្ស៊ី៩៩.០០០នាក់ដែលបានបាត់បង់ឈានចូល​១០០.០០០នាក់ ដោយថា លោកពូទីនមិនបានយកចិត្តទុកដាក់ខ្វល់ពីប្រជាជនខ្លួនឡើយ ក្រៅពីបញ្ជូនមកធ្វើរងកាណុងកាំភ្លើងដើម្បីបន្តប្រតិបត្តិការឈ្លានពាន។ ថ្វីបើដូច្នេះ សូមបញ្ជាក់​ដដែលៗថា រុស្ស៊ីមិនបានធ្វើបច្ចុប្បន្នភាពទាក់ទងនឹងចំនួនទាហានរបស់ខ្លួនដែលស្លាប់​នៅអ៊ុយក្រែន​នារយៈពេលច្រើនខែឡើយ ហើយក៏មិនមានប្រភពឯករាជ្យណាផ្ទៀងផ្ទាត់ត្រឹមត្រូវនោះដែរ៕

ប្រភព៖ ​ UKRAINSKA PRAVDA

ប្រភពរូប៖UKRAINSKA PRAVDA
ប្រែសម្រួល៖សុខ តុលា