សន្ដិសុខសង្គម

សង្សារស្រឡាញ់គ្នា៤-៥ឆ្នាំ ទាស់សម្តី ខាងប្រុសចងកសម្លាប់ខ្លួន

ភ្នំពេញ​៖បុរសម្នាក់បានសម្រេចចិត្តចងកសម្លាប់ខ្លួនក្នុងបន្ទប់ផ្ទះជួលស្លាប់គ្មាននរណាដឹង​សង្ស័យមានវិបត្តិជម្លោះជាមួយសង្សារខណៈ​ស្រឡាញ់គ្នា៤-៥ឆ្នាំកន្លងមកនោះ។ករណីធ្វើអត្តឃាត​បង្កការភ្ញាក់ផ្អើលនេះ បានកើតឡើងនៅបន្ទប់ជួលជាន់ទី១ ជាប់របងព្រះវិហារចិន ក្នុងភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ កាលពីយប់ថ្ងៃទី១៩ ខែធ្នូ។

អត្តឃាតជនឈ្មោះគី​ ចាន់សិលា អាយុ២៩ឆ្នាំ ស្នាក់នៅកន្លែងខាងលើ មានស្រុកកំណើតភូមិឆ្លូង ឃុំខ្សាច់អណ្ដែត ស្រុកឆ្លូង ខេត្តក្រចេះ។

ម្ដាយអ្នកស្លាប់បានឱ្យដឹងថា ក្រុមគ្រួសាររបស់គាត់បានមកស្នាក់នៅផ្ទះជួលនេះ២ឆ្នាំមកហើយ។កូនប្រុសគាត់បានស្រឡាញ់គ្នាជាមួយស្ត្រីម្នាក់៤-៥ឆ្នាំកន្លងមកហើយ តែរូបគាត់មិនទាន់បានរៀបចំ​ផ្សំផ្គុំឱ្យពួកគេទេ​។ក្រោយមកជាង១ខែនេះ កូនរបស់គាត់តែងមានជម្លោះជាមួយសង្សាររហូត គឺឈ្លោះគ្នាជាប្រចាំ។

មុនកើតហេតុ កូនគាត់បានចេញពីធ្វើការចូលសម្រាកក្នុងបន្ទប់ដូចរាល់ដង។លុះដល់យប់ថ្ងៃដដែល ប្អូនថ្លៃបើកទ្វារចូលទៅមើលក៏ប្រទះឃើញកូនយកខ្សែចងកភ្ជាប់ជាមួយប្រហោងឥដ្ឋខ្យល់ស្លាប់បាត់ទៅហើយ។តាមក្រុមគ្រួសារបានសន្និដ្ឋានថា ជនធ្វើអត្តឃាតទំនងមានវិបត្តិផ្លូវចិត្ត ព្រោះតែងឈ្លោះ​ប្រកែកជាមួយសង្សារ៕ដោយ៖វិចិត្រ