សន្ដិសុខសង្គម

ជនសង្ស័យប្លន់ម៉ូតូ ត្រូវពលរដ្ឋដេញ ចាប់បានយកប្រគល់ឱ្យសមត្ថកិច្ច​

ភ្នំពេញ​៖ស្ត្រីម្នាក់អង្គុយលើម៉ូតូត្រូវជនសង្ស័យជិះកង់មកច្រាននាងឱ្យដួល រួចប្លន់យកម៉ូតូព្យាយាម ជិះរត់គេច តែត្រូវម្ចាស់ម៉ូតូស្រែកផ្អើល ពលរដ្ឋជួយដេញចាប់បាន​យកឱ្យសមត្ថកិច្ច។ ករណីនេះ បានកើតឡើងនៅផ្លូវបេតុង​ផ្សារដីថ្មី​ ក្នុងសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ​ កាលពីរំលង អធ្រាត្រឈានចូលថ្ងៃទី២០ ខែធ្នូ។

ស្ត្រីរងគ្រោះបានឱ្យដឹងថា​ មុនកើតហេតុ​ នាងកំពុងអង្គុយលើម៉ូតូម៉ាកប៊ីត ​ផ្លាកលេខភ្នំពេញ1JL-3822 ។ពេលនោះស្រាប់តែជនសង្ស័យជិះកង់មកឈប់ក្បែរ ហើយបានច្រានរូបនាងឱ្យធ្លាក់ពីលើម៉ូតូ រួចជនសង្ស័យឡើងជិះម៉ូតូបើកគេចខ្លួនតាមផ្លូវវ៉េងស្រេង។

​ភ្លាមៗនោះនាងក៏បានស្រែកចោរៗ បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ​ជួយដេញចាប់ជនសង្ស័យបាន​យកប្រគល់ឱ្យសមត្ថកិច្ច​។ក្រោយមកកម្លាំងមូលដ្ឋានបាននាំជនសង្ស័យ​ទៅប៉ុស្ដិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី៣ ​ដើម្បីបន្តនីតិវិធី៕ដោយ៖វិចិត្រ