សន្ដិសុខសង្គម

ខឹងផ្ញើអីវ៉ាន់ខុសរថយន្ត បុរសម្នាក់វាយប្រពន្ធសន្លប់ស្ដូកស្តឹង

ស្វាយរៀង៖បុរសម្នាក់បានប្រើហិង្សាលើប្រពន្ធយ៉ាងចាស់ដៃបណ្តាលឱ្យប្រពន្ធរងរបួសសន្លប់ស្តូកស្តឹង មូលហេតុយកអីវ៉ាន់ផ្ញើខុសរថយន្តដែលខុសបំណងរបស់ខ្លួន។ហេតុការណ៍នេះបានកើតឡើងស្ថិតនៅ​ភូមិ​កំពង់ត្រាច ឃុំកំពង់ត្រាច ស្រុករមាសហែក ខេត្តស្វាយរៀង កាលពីយប់ថ្ងៃទី១៩ ខែធ្នូ។

មន្ត្រីនគរបាលស្រុកបានឱ្យដឹងថា ស្ត្រីរងគ្រោះឈ្មោះយ៉េង ឡៃហួយ ឣាយុ២៩ឆ្នាំ សន្លប់ស្តូកស្តឹង ត្រូវក្រុមគ្រួសារដឹកទៅមន្ទីរពេទ្យភ្លាមៗ។ចំណែកជនសង្ស័យជាប្ដីឈ្មោះ ពៅ វិទូ ឣាយុ៤០ឆ្នាំ ទាំង២នាក់នៅភូមិកំពង់ត្រាច ឃុំកំពង់ត្រាច ស្រុករមាសហែក បានរត់គេចខ្លួនបាត់។

អ្នកជិតខាងបានឱ្យដឹងថា មុនកើតហេតុ គេឃើញប្ដីប្រពន្ធនោះបានឈ្លោះប្រកែកគ្នាព្រោះខឹង​ប្រពន្ធផ្ញើអីវ៉ាន់ខុសរថយន្តដែលប្តីធ្លាប់ផ្ញើដោយខុសបំណងរបស់ខ្លួន។ការឈ្លោះប្រកែកគ្នារហូត​ឈានដល់ប្រើហិង្សា គឺប្តីបានដាល់ជាច្រើនដៃចំកញ្ចឹងកនិងគុម្ពត្រចៀករួចចាប់ឣូសយក​ទៅអុកនឹងគ្រែដែក​បណ្តាលឱ្យស្ត្រីរូបនោះសន្លប់ស្ដូកស្តឹងតែម្តង។បន្ទាប់មកសមត្ថកិច្ចកំពុង​ស្រាវជ្រាវតាមចាប់ជនបង្កយកមកចាត់ការបន្តតាមច្បាប់៕ដោយ៖វិចិត្រ