អន្តរជាតិ

ក្រុមហ៊ុន Hyundai បញ្ឈប់បុគ្គលិកនៅរុស្ស៊ី បន្ទាប់ពីរោងចក្រដំណើរការយឺត

ដោយឡែក ក្រុមហ៊ុនផលិតរថយន្តកូរ៉េខាងត្បូង Hyundaiវិញ ថ្មីៗនេះបានចាប់ផ្តើមប្រកាសបញ្ឈប់​បុគ្គលិកធ្វើការរបស់ខ្លួននៅឯរោងចក្រប្រទេសរុស្ស៊ី បន្ទាប់ពីដំណើរការយឺតជិត១០ខែ។

យោងតាមសេចក្តីថ្លែងការណ៍របស់ក្រុមហ៊ុន  Hyundai Motor Company កូរ៉េខាងត្បូង ដែលជាអតីតក្រុមហ៊ុនផលិតរថយន្តដ៏ធំបំផុតមួយនៅប្រទេសរុស្ស៊ី បានឲ្យដឹងថា បុគ្គលិកជាច្រើន​នៅរោងចក្រសាខាទីក្រុង St Petersburg ប្រទេសរុស្ស៊ីត្រូវបាន​ប្រកាសបញ្ឈប់ពីការងារបណ្តើរៗហើយ ដោយសារតែរោងចក្របានជួបប្រទះនឹងដំណើរការយឺតយ៉ាវអស់រយៈពេលជាច្រើនខែចាប់តាំងពីមានសង្រ្គាមនៅអ៊ុយក្រែន។  Hyundai  បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ដោយផ្ទាល់ថា “ដោយសារតែការបន្តផ្អាកផលិតកម្ម ដូច្នេះក្រុមហ៊ុន Hyundai Motor ត្រូវតែចាត់វិធានការនេះ​ដើម្បីបង្កើនប្រសិទ្ធភាពចំនួនបុគ្គលិករបស់ខ្លួននៅក្នុងប្រទេសរុស្ស៊ី” ។

ចំពោះចំនួនបុគ្គលិកដែលត្រូវបញ្ឈប់ ប្រភពដដែលមិនបានលម្អិតបញ្ជាក់ប្រាប់នោះទេ គ្រាន់តែដឹងថា បុគ្គលិកសរុបមានប្រហែល ២.៦០០ នាក់ សរុបមកពីក្រុមហ៊ុន Hyundai និង Kia នៃរោងចក្រខាងលើក្នុងប្រទេស ដែលមានសមត្ថភាពផលិតរថយន្តប្រហែល ២០០.០០០ គ្រឿងក្នុងមួយឆ្នាំ។ កាន់តែធ្ងន់ធ្ងរជាងនេះ ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងត្បូងបានរាយការណ៍​កាលពីខែតុលាថា ក្រុមហ៊ុន Hyundai ក៏កំពុងពិចារណាជម្រើសសម្រាប់ប្រតិបត្តិការដកខ្លួនពី​រុស្ស៊ីផងដែរ រួមទាំងការលក់រោងចក្រផលិតទៀតផង។

ចាប់តាំងពីសង្រ្គាម ក្រុមហ៊ុនបរទេសជាច្រើនបានដកខ្លួនចេញពីប្រទេសរុស្ស៊ី ដោយសារខ្លាចត្រូវ​ទណ្ឌកម្មលោកខាងលិច តែក៏នៅមានខ្លះកំពុងបើកដំណើរការក្នុងទម្រង់យឺតយ៉ាវ កាត់បន្ថយបុគ្គលិក បន្ថយផលិតកម្ម៕

ប្រភព៖ ​ALJAZEERA

ប្រភពរូប៖ALJAZEERA
ប្រែសម្រួល៖សុខ តុលា