សេដ្ឋកិច្ច

ក្រុមហ៊ុន​កូរ៉េខាងត្បូង មានបំណង​វិនិយោគ​កែច្នៃ​សំរាម ទៅជា​ថាមពល

ភ្នំពេញ​៖ ក្រុមហ៊ុន ECOCAM របស់​កូរ៉េខាងត្បូង បានបង្ហាញ​គោលបំណង​ចង់​វិនិយោគ​កែច្នៃ​សំរាម ទៅជា​ថាមពល​ប្រើប្រាស់​នៅក្នុង​ប្រទេស​កម្ពុជា​។​

​ក្នុងឱកាស​អញ្ជើញ​ចូល​ជម្រាបលា​បញ្ចប់​បេសកកម្ម​ការងារ​ជា​ឯកអគ្គរដ្ឋទូត​កូរ៉េ​នៅ​កម្ពុជា លោក ប៉ាក ហឹ​ង​ឃ្យូ​ង ក៏បាន​ឆ្លៀត​ស្វែងរក​ការគាំទ្រ​ពីស​ម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា លើ​គម្រោង​ខាងលើនេះ​។​

​ក្នុងជំនួប​ជម្រាបលា​នា​រសៀល​ថ្ងៃ​ចន្ទ ទី​១៩ ខែធ្នូ ឆ្នាំ​២០២២​នោះ សម្តេច​តេ​ជោ ហ៊ុន សែន បានបង្ហាញ​នូវ​ការគាំទ្រ​ពេញទំហឹង ចំពោះ​គម្រោង​វិនិយោគ កែច្នៃ​សំរាម ទៅជា​ថាមពល​ប្រើប្រាស់​នេះ​។​

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី បាន​ណែនាំ​ឱ្យ​ក្រុមហ៊ុន​ធ្វើការ​ជាមួយ លោក សុខ ចិន្តា​សោភា រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី និង​ជា​អគ្គលេខាធិការ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​, លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួង​រ៉ែ និង​ថាមពល​ពល ព្រមទាំង​រដ្ឋបាល​រាជធានី​ភ្នំពេញ​។​

​របាយការណ៍​របស់​ក្រសួងបរិស្ថាន ធ្លាប់បាន​ឱ្យដឹងថា ក្នុង​មួយឆ្នាំ កម្ពុជា បាន​បង្កើត​សំរាម​ជិត ៤​លាន​តោន ពោលគឺ​នៅ​ទូទាំងប្រទេស​មាន​សំរាម​មាន​ជាង ១​ម៉ឺន​ន​តោន​ក្នុង​មួយថ្ងៃ​។ ដោយឡែក​នៅ​រាជធានី​ភ្នំពេញ សំរាម​ដែល​បង្កើតឡើង​មាន​ចន្លោះ​ពី ២,៧០០ ទៅ ៣,០០០​តោន ក្នុង​មួយថ្ងៃ​៕