សេដ្ឋកិច្ច

កម្ពុជា និង​អេ​មី​រ៉ា​ត​អារ៉ាប់​រួម បន្ត​ចរចា​កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​ជុំ​ទី​២ ​

​ភ្នំពេញ​៖ កម្ពុជា និង​អេ​មី​រ៉ា​ត​អារ៉ាប់​រួម បាន​បន្តដំណើរ​ការចរចា​កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​សេដ្ឋកិច្ច គ្រប់​ជ្រុងជ្រោយ (CEPA) ជុំ​ទី​២ ។​ការចរចា​នេះ​បាន​ប្រព្រឹត្តិ​ទៅ​រយៈពេល​០៣​ថ្ងៃ ចាប់ពី​ថ្ងៃទី​១៩ ដល់ទី​២១ ខែធ្នូ នៅ​សណ្ឋាគារ​សូ​ហ្វី​តែ​ល រាជធានី​ភ្នំពេញ​ក្រោម​វត្តមាន​លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​។

​លោកស្រី តឹក​រ៉េត កំរង រដ្ឋលេខាធិការ​នៃ​ក្រសួងពាណិជ្ជកម្ម និង​ជា​សហប្រធាន​ក្រុម​ចរចា កិច្ចព្រមព្រៀង CEPA មានប្រសាសន៍ថា ផ្អែក​តាមរបៀប​វារៈ​ដែ​ល​បាន​ឯកភាពគ្នាក្រុមការងារ​នៃ​ភាគី​ទាំងពីរ​នឹង​បន្ត​ពិនិត្យនិង​ពិភាក្សា​កាន់តែ​ស៊ីជម្រៅ​លើ​អត្ថបទ​ជំពូក​សរុប​ទាំង ​១៨​ជំពូក ដែល​ទាក់ទង​នឹង​វិស័យ​សំខាន់ៗ​ដូចជាពាណិជ្ជកម្ម​ទំនិញរបាំង​ពាណិជ្ជកម្ម អនាម័យ​និង​ភូតគាម​អនាម័យ ពាណិជ្ជកម្ម ​សេវា កិច្ច​សម្រួល​ពាណិជ្ជកម្មវិធាន​ដើមកំណើត​ទំនិញ កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច ឧបាស្រ័យ​ពាណិជ្ជកម្ម វិនិយោគ កម្មសិទ្ធិបញ្ញារួម ទាំង​ច្បាប់​និង​ស្ថាប័នដោយ​ឈរលើ​មាគ៌ា​ផលប្រយោជន៍​រួមនិង​បំពេញ​ឲ្យ​គ្នា​ទៅវិញទៅមក​។​ល​។ បន្ថែម​ពីនេះ ភាគី​ទាំងពីរ​ក៏​នឹង​ចរចា​លម្អិត ​លើ​ការស្នើ​បើក និង​ផ្តល់​ទីផ្សារ​ទំនិញ និង​សេវា​ឱ្យ​គា្ន​ទៅវិញទៅមក​ផងដែរដើម្បី​កំណត់ថាទំនិញ​ប៉ុន្មាន​មុខ​ដែល​ត្រូវ​នាំចេញ ​នាំចូល​ដោយ​កាត់បន្ថយ​ពន្ធ​។​

​លោកស្រី​បន្តថា ការចរចា​កិច្ចព្រមព្រៀង​នេះ អាច​នឹងត្រូវ​ការ​រយៈ​ពេល​៦​ខែ​ទៀត ដើម្បី​បញ្ចប់​កិច្ចចរចា​ទាំងស្រុង ដើម្បី​ឈានទៅ​ដាក់​ឆ្លង​គណៈរដ្ឋមន្ត្រី រដ្ឋសភា ព្រឹទ្ធសភា និង​ព្រះមហាក្សត្រ នាពេលខាងមុខ​។​

​លោក​មានប្រសាសន៍​បន្ថែ​ម​ថា «​សម្រាប់​ការចរចា​កិច្ចព្រមព្រៀង​នេះ យើង​ក៏បាន​ធ្វើការ​ជាមួយ​វិស័យ​ឯកជន​ដែល​មកពី​វិស័យ​កសិកម្ម ឧស្សាហកម្ម និង​ខាង​វិស័យ​អាហារ​ហា​ឡា​ល់​។ ក្នុងនោះដែរ​វិស័យ​ឯកជន ដូចជា​សហព័ន្ធ​ស្រូវ​អង្ករ បានស្នើ​ឱ្យមាន​ការដាក់​បញ្ចូល​នូវ​ទំនិញ​ផ្សេងៗ​ដូចជា ផលិតផល​ច្នៃ​ពី​អង្ករ រួមមាន​គុយទាវ និង​ផលិតផល​ផ្សេងៗ​ទៀត​ដូចជា​ទឹក​ត្រចៀកកាំ និង​ផលិតផល​ឧស្សាហកម្ម ដូចជា​សម្លៀកបំពាក់ កាបូប ស្បែង​ជើង ផលិតផល​ធ្វើដំណើរ និង​ពង្រីក​នូវ​ទំនិញ​ផ្សេងៗ​ដែល​កម្ពុជា​អាច​ជំរុញ​ការនាំ​ចេញទៅ​ប្រទេស​អេ​មី​រ៉ា​ត​អារ៉ាប់​រួម​បាន​»​។​

​លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​កម្ពុជា មានប្រសាសន៍ថា នេះ​គឺជា​លើក​ទី​១​ហើយ ដែល​កម្ពុជា ឈានទៅ​ធ្វើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​ប្រទេស​នៅក្នុង​តំបន់​ម​ជ្ឈឹ​ម​បូព៌ា ដោយ​កន្លង​មានតែ​នៅក្នុង​តំបន់​អាស៊ី​ប៉ុណ្ណោះ ដោយសារតែ អេ​មី​រ៉ា​ត​អារ៉ាប់​រួម គឺជា​ដៃគូ​ឈានមុខ​គេ​របស់​កម្ពុជា សម្រាប់​តំបន់​ម​ជ្ឈឹ​ម​បូព៌ា​។​

​លោក​កត់សម្គាល់ថា ប្រទេស​អេ​មី​រ៉ា​ត​អារ៉ាប់​រួម ត្រូវបាន​វាយ​ខ្ពស់​ថា ជាទី​ផ្សារ​ដ៏​មាន​សក្តានុពល​សម្រាប់​ការនាំចេញ​របស់​កម្ពុជា​នាពេល​មុខ ដោយសារ​ប្រជាជន​ប្រទេស​នេះ មាន​ចំណូល​ខ្ពស់ ដែល​ក្នុង​មួយឆ្នាំ​ប្រជាជន​ម្នាក់​មាន​ចំណូល ប្រមាណ ៤២ ៨៨០​ដុល្លារ​អាមេរិក​។ ហើយ​នៅពេល​កិច្ចព្រមព្រៀង CEPA ចូល​ជា​ធរមាន ភាគី​ទាំងពីរ​រំពឹងថា នៅ​រយៈពេល​៥​ឆ្នាំ​ខាងមុខ ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ នឹង​ឡើងដល់​១​ពាន់​លាន​ដុល្លារ​។​

រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម បាន​ថ្លែងបន្តថា កិច្ចព្រមព្រៀង CEPA គឺជា​កិច្ចព្រមព្រៀង​បំពេញបន្ថែម​រវាង​គ្នា​ទៅវិញទៅមក ដោយ​ខាង​អេ​មី​រ៉ា​ត​អារ៉ាប់​រួម មាន​តម្រូវការ​ខាង​ម្ហូបអាហារ ស្រប​ពេលដែល​កម្ពុ​ជាមាន​តម្រូវការ​ខាង​ថាមពល ពោលគឺ​រាល់​មុខទំនិញ​ដែល​នាំចេញ និង​ចូល​នាំ ជា​មិនមែន​ការប្រកួតប្រជែង​គ្នា​ទេ គឺ​បំពេញតម្រូវការ​គ្នា​ទៅវិញទៅមក ខណៈ​ប្រទេស​អេ​មី​រ៉ា​ត​អារ៉ាប់​រួម ជា​ប្រទេសមួយ​ដែល​នាំចេញ​ប្រេង និង​ប្រេងឥន្ធនៈ​ដ៏​សំខាន់​មួយ​នៅក្នុង​ពិភពលោក ហើយ​កម្ពុ​ជាមាន​អតិរេក​ស្បៀង​។​

​លោក​រំពឹងថា ទំនិញ​អទិភាព ក្នុងការ​នាំចេញ រួមមាន ផលិតផល​វាយណភ័ណ្ឌ ដូចជា​ស្បែកជើង សម្លៀកបំពាក់ កង់ ផលិតផល​ធ្វើដំណើរ ផលិតផល​កសិកម្ម​ជាដើម នឹង​ត្រូវបាន​លើកលែង ឬ​កាត់​បន្ថយពន្ធ​។ ទន្ទឹមគ្នានេះ កម្ពុជា នឹង​ពិចារណា​នាំចូល​នូវ​ទំនិញ​ពី​អេ​មី​រ៉ា​ត​អារ៉ាប់​រួម មកវិញ​ដូចជា ប្រេងរំអិល​សម្រាប់​យាន្ត​យន្ត ជ័រកៅស៊ូ ជី និង​ចំណី​សត្វ ដើម្បី​បំពេញតម្រូវការ​ក្នុងស្រុក​។​

​លោក ជូ​ម៉ា ម៉ូ​ហា​មេ​ដ អាល់ កាត (Juma Mohammed AI Kait) អនុរដ្ឋមន្ត្រី​ទទួលបន្ទុក​ពាណិជ្ជកម្ម​អន្តរជាតិ​របស់​អេ​មី​រ៉ា​ត​អារ៉ាប់​រួម បាន​លើកឡើងថា កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ រវាង​កម្ពុជា និង​អារ៉ាប់​រួម នឹងធ្វើ​ឲ្យ​ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ កើន​ឡើងលើ​កំណើន​ដែលមាន​ស្រាប់​។ ក្រុមការងារ​នៃ​ភាគី​ទាំងពីរ នឹង​បន្ត​កិច្ចខិតខំ​ប្រឹងប្រែង​បន្ថែមទៀត ដើម្បី​ឆ្ពោះទៅ​សម្រេចបាន​នូវ​ការបញ្ចប់​ការចរចា​ជា​ផ្លូវការ​តាម​ការរំពឹងទុក​។​

​លោក​បាន​គូសបញ្ជាក់​បន្ថែមថា «​កម្ពុជា​គឺជា​ប្រទេស​ដ៏​សំខាន់ ក្នុងការ​ផ្គត់ផ្គង់​ផលិតផល​ម្ហូបអាហារ ហើយ​អេ​មី​រ៉ា​ត​អារ៉ាប់​រួម​បាន​សម្លឹង​ឃើញថា ក្រៅពី​ការនាំ​ចូល​ទំនិញ វិនិយោគិន​របស់​អេ​មី​រ៉ា​ត​អារ៉ាប់​រួម ក៏​នឹង​បង្កើត​រោងចក្រ​ឧស្សាហកម្ម នាពេលខាងមុខ​ផងដែរ​។ នៅ​ថ្ងៃ​ខាងមុខក្រុម​ធុរកិច្ច​អេ​មី​រ៉ា​ត​អារ៉ាប់​រួមក៏មាន​ផែនការ​មក​បំពេញ​ទស្ស​កិច្ច​នៅ​កម្ពុជាព្រមទាំង​អនុវត្តតាម​កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​សេដ្ឋ​កិ​ច្ច​​​គ្រប់​ជ្រុងជ្រោយ​រវាង​ប្រទេស​ទាំងពីរ​។​»

​គួរ​ជម្រាប​ថា ទំហំ​ពាណិជ្ជកម្ម​រវាង​កម្ពុជានិង​អេ​មី​រ៉ា​ត​អារ៉ាប់​រួមកាលពី​ឆ្នាំ​២០២១មានតម្លៃ ប្រមាណ២៧៩​លាន​ដុល្លារ​អាមេរិកកើនឡើង ​៤០% ពោលគឺ​ស្ថិតនៅ​កម្រិត​ទាប​នៅឡើយដោយសារ​កម្ពុជាមិនទាន់មាន​កិច្ចព្រមព្រៀងនិង​ការវិនិយោគ​រវាង​គ្នាទៅវិញទៅមក​៕

ដោយៈសិរីមតី