សេដ្ឋកិច្ច

កម្ពុជា​រកចំណូលបាន​ជិត ៤៧០​លាន​ដុល្លារ ពី​ការនាំចេញ​ជ័រកៅស៊ូ និង​ឈើ​កៅស៊ូ ក្នុង​រយៈពេល​១១​ខែ

​ភ្នំពេញ​៖ រយៈពេល​១១​ខែ ឆ្នាំ​២០២២ ពី​ខែមករា ដល់​ខែវិច្ឆិកា កម្ពុជា​រកចំណូលបាន​ជិត ៤៧០​លាន​ដុល្លារ ពី​ការនាំចេញ​ជ័រកៅស៊ូ និង​ឈើ​កៅស៊ូ​។ នេះ​បើតាម​របាយការណ៍ របស់​អគ្គនាយកដ្ឋាន​កៅស៊ូ​នៅ​ថ្ងៃទី​១៩ ខែធ្នូ ឆ្នាំ​២០២២​។​

​របាយការណ៍​បាន​បញ្ជាក់ថាចំណូល​សរុប​គិត​ត្រឹម​ខែវិច្ឆិកាឆ្នាំ​២០២២ពី​ការនាំចេញ​ជ័រកៅស៊ូនិង​ឈើ​កៅស៊ូមាន​ចំនួន៤៦៩,៧០២,៦២៨ ​ដុល្លារ ក្នុងនោះ​ចំណូល​ពី​ការនាំចេញ​ជ័រកៅស៊ូ​ចំនួន ៤៦៥,៨៣៨,៣៨៨​ដុល្លារ និង​ចំណូល​ពី​ការនាំចេញ​ឈើ​កៅស៊ូ​ចំនួន ៣,៨៦៤,២៤០​ដុល្លារ​។​

​ចំពោះ​បរិមាណ នៃ​ការនាំចេញ​គិត​ត្រឹម​ខែវិច្ឆិកា ឆ្នាំ​២០២២ កម្ពុជា​បាន​នាំចេញ​ជ័រកៅស៊ូ​ចំនួន ៣២២,៥៨៦​តោន បាន​កើនឡើង​ចំនួន ៩,១៣៩​តោន ស្មើនឹង​១៩% ធៀប​នឹង​រយៈពេល​ដូចគ្នា​នៃ​ឆ្នាំមុន​។ រីឯ​ការនាំចេញ​ឈើ​កៅស៊ូ​វិញ សម្រេចបាន​ចំនួន ២៤,៩៨៩​ម៉ែត្រគូប​។​

​បើតាម​របាយការណ៍ របស់​អគ្គនាយកដ្ឋាន​កៅស៊ូ បាន​គូសបញ្ជាក់ថា សម្រាប់​តម្លៃ​លក់​ជ័រកៅស៊ូ​មធ្យម គិត​ត្រឹម​ខែវិច្ឆិកា ឆ្នាំ​២០២២ ថ្លៃ ១,២៣១​ដុល្លារ ក្នុង​មួយ​តោន បាន​ថយចុះ​ចំនួន ៣១​ដុល្លារ​ក្នុង​មួយ​តោន ស្មើនឹង​២.៥% ធៀប​នឹង​រយៈពេល​ដូចគ្នា​នៃ​ឆ្នាំមុន​។​គិត​ត្រឹម​ខែវិច្ឆិកា ឆ្នាំ​២០២២ ផ្ទៃដី​កៅស៊ូ​សរុប​មាន​ចំនួន ៤០៤,៥៧៨​ហិកតា ក្នុងនោះ ផ្ទៃដី​ចៀរ​ជ័រ​មាន​ចំនួន ៣១៥,៣៣២​ហិកតា ស្មើនឹង​៧៨% និង​ផ្ទៃដី​ថែទាំ​មាន​ចំនួន ៨៩,២៤៦​ហិកតា ស្មើនឹង​២២%​។​

​គូសបញ្ជាក់ថា ពេញ​មួយឆ្នាំ​២០២១​កន្លងមកនេះ កម្ពុជា​រកចំណូលបាន​ជាង​៦១១​លាន​ដុល្លារ ពី​ការនាំចេញ​ជ័រកៅស៊ូ និង​ឈើ​កៅស៊ូ​។ ក្នុងនោះ នាំចេញ​ជ័រកៅស៊ូ ចំនួន​៣៦៦,៣០០​តោននិង​នាំចេញ​ឈើ​កៅស៊ូ ចំនួន​៤៥៤​ម៉ែត្រគូប​៕ដោយៈសិរីមតី