កីឡា

Southgate នឹង​នៅ​តែ​ជាអ្នកចាត់​ការ​របស់​អង់គ្លេស

បើទោះបីជាមានការខកចិត្តយ៉ាងខ្លាំង ដោយ​ការធ្លាក់ចេញពីព្រឹត្តិការណ៍ World Cup 2022 ក្នុង​វគ្គ ៨ក្រុមចុងក្រោយក៏ដោយ ក៏​សហ​ព័ន្ធ​កីឡាបាល់ទាត់អង់គ្លេស (FA) បានបញ្ជាក់អះអាង កាលពីថ្ងៃអាទិត្យថា លោក Gareth Southgate នឹងនៅតែជាអ្នកចាត់ការ​របស់ក្រុមជម្រើសជាតិ​អង់គ្លេសដដែល។

គ្រូបង្វឹក​វ័យ ៥២ឆ្នាំរូបនេះ បាននិយាយបន្ទាប់ពីការរង​បរាជ័យ ដោយសារក្រុមការពារជើងឯកបារាំង ក្នុង​លទ្ធផល ២-១ នៅ​ប្រទេសកាតា កាលពីសប្តាហ៍មុនថា គាត់នឹងចំណាយពេល ក្នុង​ការ​ពិចារណា មុន​នឹង​ធ្វើការសម្រេចចិត្តលើអនាគតរបស់ខ្លួន។ ប៉ុន្តែ​ពេលនេះ​ គាត់​នឹង​បន្ត​ដឹកនាំក្រុម​តោកំណាច​រហូតដល់​បញ្ចប់​ការប្រកួត​ជើងឯក​អឺរ៉ុប​ ក្នុង​ឆ្នាំ​២០២៤។

នាយកប្រតិបត្តិរបស់ FA លោក Mark Bullingham បានថ្លែង​ឱ្យ​ដឹង​ថា៖ «យើងមានក្តីរីករាយ ក្នុងការបញ្ជាក់ប្រាប់​ថា លោក Gareth Southgate កំពុងបន្តធ្វើ​តួនាទីជាអ្នកចាត់ការរបស់ក្រុម​ជម្រើសជាតិអង់គ្លេស ហើយនឹងដឹកនាំក្រុម ក្នុង​យុទ្ធនាការ Euro 2024។ លោក Gareth និងលោក Steve Holland (ជំនួយការគ្រូបង្វឹក) តែងតែទទួល​បាន​ការ​គាំទ្រយ៉ាងពេញទំហឹងពី​យើង ហើយផែនការ​របស់យើង សម្រាប់ការ​ប្រកួតប្រជែង​ជើងឯក​អឺរ៉ុប ចាប់ផ្តើម នាពេល​នេះហើយ»។

ក្រុម​អង់គ្លេសមិនបានឈ្នះពានរង្វាន់ធំណា​មួយ​ឡើយ ចាប់តាំងពីក្លាយ​ជាជើង​ឯក នៅ World Cup ក្នុងឆ្នាំ១៩៦៦ ប៉ុន្តែក្រោមការដឹកនាំរបស់លោក Southgate ពួកគេបានធ្វើ​ដំណើរ​ដល់វគ្គ​ពាក់កណ្តាលផ្តាច់ព្រ័ត្រ ក្នុង​ព្រឹត្តិការណ៍​នេះ កាលពី ៤ឆ្នាំ​ និងវគ្គផ្តាច់ព្រ័ត្រ នៅអឺរ៉ុប នា​ឆ្នាំមុន។ កិច្ចសន្យាបច្ចុប្បន្នរបស់គាត់ មានសុពលភាព​រហូត​ដល់ខែធ្នូ ឆ្នាំ២០២៤៕