កីឡា

Messi និយាយថា នឹង​បន្ត​លេង​ឱ្យអាហ្សង់ទីនបន្តិច​ទៀត ក្រោយឈ្នះ World Cup

ខ្សែប្រយុទ្ធដ៏​ឆ្នើម Lionel Messi របស់​ក្រុម​ជម្រើស​ជាតិ​អាហ្សង់ទីន កាលពីថ្ងៃអាទិត្យ បានប្តេជ្ញាចិត្ត បន្តបំពេញ​តួនាទី ក្នុង​នាម​​ជា​កីឡាករនៃ​​ប្រទេស​របស់ខ្លួន​ទៀត បើទោះបីជា នៅ​ទីបំផុតសម្រេចបាននូវ មហិច្ឆតា ក្នុង​ជីវិត​ ដោយ​ការឈ្នះពានរង្វាន់​ពី​ព្រឹត្តិការណ៍ World Cup ដូច​បំណង​ហើយ​ក៏ដោយ។

«ខ្ញុំចង់បន្តចែក​រំលែក​បទពិសោធន៍ដល់​​ការប្រកួត ២-៣លើកទៀត ក្នុងនាមជាជើងឯកពិភពលោក»។ នេះ​ជាសម្ដី​របស់​កីឡាករ Messi វ័យ ៣៥ឆ្នាំ ដែល​បានប្រាប់ទូរទស្សន៍នៃ​ប្រទេស​អាហ្សង់ទីន បន្ទាប់ពីក្រុម​ពពក​សទទួលបាន​ជ័យជម្នះ ដោយការស៊ុតបាល់ប៉េណាល់ទីកាត់​ក្ដី​លើក្រុម​ជើង​ឯក​ចាស់បារាំង ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ នា​ទីក្រុងដូហា ប្រទេស​កាតា កាល​ពី​ម្សិលមិញ។

ប៉ុន្តែយ៉ាង​ណា​ក្ដី កីឡាករ Messi បាន​ទទួល​ស្គាល់​ថា ​ជិតដល់​ពេល​ ដែល​ត្រូវ​ទាញ​វាំងននបិទ ដើម្បី​​បញ្ចប់អាជីព​ដ៏​រុង​រឿង​របស់​ខ្លួន​ហើយ ​បន្ទាប់​ពី​ប្រធាន​ក្រុម​អាហ្សង់ទីនរូប​នេះ​ បានសម្រេច​គោល​បំណង ដោយ​ការ​យក​​ពានរង្វាន់​​អន្តរជាតិដ៏​​សំខាន់​មួយ ​មក​បញ្ចូលបង្គ្រប់​ក្នុង​ពាន​រង្វាន់​ធំ​ៗផ្សេង​ទៀត ដែល​រូប​គេ​បាន​ឈ្នះ​ទាំង​ជាមួយ​ក្រុម និង​ផ្ទាល់​ខ្លួន​។

ខ្សែប្រយុទ្ធរបស់​ក្លិប Paris Saint-Germain រកបាន ២គ្រាប់ ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រដ៏គួរឱ្យភ្ញាក់ផ្អើល និងច្របូកច្របល់ ដែលបានបញ្ចប់ទៅ​ក្នុងលទ្ធផល ៣-៣ ក្រោយ​រយៈពេល ១២០​នាទី មុនពេល​ក្រុម​អាហ្សង់ទីន​របស់​កីឡាករជយលាភីពាន Ballon d’Or ៧សម័យកាល បានយក​ឈ្នះក្នុង​វគ្គប៉េណាល់​ទី ៤-២។

បន្ទាប់ពីជួប​នូវ​ការ​ខកចិត្តម្ដង​ហើយ​ម្ដង​ទៀត នៅលើឆាកដ៏ធំបំផុត ក្នុងការ​ប្រកួតបាល់ទាត់ ក្នុង​នោះ​រួមទាំងការចាញ់ ក្នុងប្រកួតវគ្គផ្តាច់ព្រ័ត្រ នៅ World Cup 2014 ក្រោមស្នាដៃរបស់​ក្រុមអាល្លឺម៉ង់ នៅប្រទេសប្រេស៊ីល កីឡាករ Messi បាននិយាយថា រូប​គេ​តែងតែមានអារម្មណ៍ថា ពេលវេលារបស់គេ​នឹងមកដល់ជាមិន​ខាន​។

ដោយងាកមកចាប់អារម្មណ៍លើការប្រកួត​វិញ កីឡាករ Messi បានប្រាប់​ថា វាគឺពិត​ជា​ពិបាកណាស់ ក្នុងការពន្យល់ពី​មូល​ហេតុ ដែល​ក្រុម​អាហ្សង់ទីនបានធ្វើ​ឱ្យការនាំមុខ ២គ្រាប់របស់​ខ្លួន​បាត់​បង់​យ៉ាង​គួរ​សោក​ស្ដាយ ដោយ​ភ្លាត់​បណ្ដោយ​ឱ្យ​​ក្រុម​គូបដិបក្ខតាម​ស្មើ នៅ​ចុង​ម៉ោង​ ដោយ​រូប​ភាព​នេះ ដូច​ទៅ​នឹងហ្គេម ដែល​ពួក​គេ​ដណ្ដើម​បាន​ជ័យជម្នះ ក្នុងវគ្គ ១/៤ ផ្តាច់ព្រ័ត្រលើក្រុមហូឡង់ កាលពីជាង ១សប្តាហ៍កន្លងទៅ។

សម្រាប់កីឡាករ Messi រូប​គេ​លេងឱ្យក្រុមអាហ្សង់ទីនបាន​ចំនួន ១៧២លើក ដោយក្នុង​នោះស៊ុតបញ្ចូលទីបាន ៩៨គ្រាប់ គិត​ចាប់តាំងពីបង្ហាញខ្លួនជាលើកដំបូង ក្នុងឆ្នាំ២០០៥។

ជ័យ​ជម្នះ​របស់​ក្រុម​អាហ្សង់ទីន​នេះ មិន​ត្រឹម​តែ​នាំ​ឱ្យ​ក្រុម​របស់​តំបន់​អាមេរិក​ឡាទីន​មួយ​នេះ​ ឈ្នះ​ពាន​ World Cup ជាលើក​ទី​៣ ប៉ុណ្ណោះទេ តែ​ថែម​ទាំង​រារាំង​ក្រុម​បារាំង ក្នុង​ការ​បាន​ក្លាយ​ជា​ក្រុម​ដំបូង​គេ រយៈ​ពេល ៦០ឆ្នាំ ដែល​ការ​ពារជើង​ឯក​បាន​សម្រេច​៕