កីឡា

Mbappe ជាម្ចាស់ស្បែកជើងមាស នៅ World Cup

ខ្សែប្រយុទ្ធ Kylian Mbappe របស់​ក្រុម​ជម្រើសជាតិ​បារាំង បានឈ្នះពានរង្វាន់ស្បែកជើងមាស ក្នុង​ព្រឹត្តិការណ៍ World Cup ជាមួយនឹងការ​ស៊ុត​បញ្ចូល​ទី​បាន ៨គ្រាប់ បន្ទាប់ពីធ្វើ​បាន​ហ៊ែតទ្រិក (ស៊ុត ៣គ្រាប់) ក្នុងការប្រកួតវគ្គផ្ដាច់ព្រ័ត្រ កាលពីថ្ងៃអាទិត្យ ដែល​ក្រុម​មាន់គកបារាំង បាន​ចាញ់​ក្រុមពពកសអាហ្សង់ទីន ក្នុង​វគ្គប៉េណាល់ទី​កាត់​ក្ដី បន្ទាប់ពី​ស្មើគ្នា ៣-៣ ក្រោយ​រយៈ​ពេល ១២០នាទី។

កីឡាករ Mbappe បានក្លាយជាអ្នក​ស៊ុត​បញ្ចូល​ទី​ទី​២​ ដែលអាច​ទម្លុះសំណាញ់ទី​ ៣ដង ក្នុងវគ្គផ្តាច់ព្រ័ត្រ នៅ World Cup បន្ទាប់ពីលោក Geoff Hurst របស់ក្រុម​ជម្រើសជាតិអង់គ្លេស ក្នុងឆ្នាំ១៩៦៦ ហើយបានបញ្ចប់យុទ្ធនាការ ដោយ​លើស ១គ្រាប់លើ​កីឡាករ Lionel Messi ដែលជាប់ឈ្មោះជាកីឡាករល្អបំផុត ក្នុង​ហ្គេម​ផ្ដាច់ព្រ័ត្រ​ នៅ​ប្រទេស​កាតា​នេះ។

Messi ជា​កីឡាករ​ដំបូង​គេ ដែល​រក​គ្រាប់​បាល់​បានរហូត ទាំង​ក្នុង​វគ្គ​ចែក​ពូល និងវគ្គ​ចាញ់​ធ្លាក់ ទាំង ៤លើក។ តែ​កីឡាករ Mbappe វ័យ ២៣ឆ្នាំ ស៊ុតបញ្ចូលទីបាន ១២គ្រាប់ ក្នុងការប្រកួតចំនួន ១៤ដង នៅ World Cup ហើយស្ថិតក្នុងកម្រិត​ស្មើ​គ្នា​នឹងវីរបុរសរបស់​ក្រុម​ប្រេស៊ីល លោក Pele ដោយ​ឈរ​នៅ​ចំណាត់ថ្នាក់លេខ ៦ ក្នុងបញ្ជីកំណត់​ត្រា។

Mbappe ទើប​តែ​ជាកីឡាករទី ២ ប៉ុណ្ណោះ ដែលដាក់​គោល​ដៅ​ឱ្យ​បាន​ជោគ​ជ័យ ក្នុងវគ្គផ្តាច់ព្រ័ត្រ នៅ World Cup ជាប់​ៗគ្នា បន្ទាប់ពីលោក Vava ដែលស៊ុតបញ្ចូលទីបាន ក្នុងជ័យជម្នះ​របស់ក្រុមប្រេស៊ីល ទាំង​ក្នុងឆ្នាំ១៩៥៨ និង​ឆ្នាំ១៩៦២។ លើសពី​នេះទៀត ៤គ្រាប់របស់ខ្សែប្រយុទ្ធនៃក្លិប Paris Saint-Germain ក្នុងការ​ប្រកួតនៃវគ្គផ្តាច់ព្រ័ត្រ នៅ World Cup នេះ ក៏ជាគ្រាប់បាល់ច្រើនជាងគេបំផុត​ផង​ដែរ ក្នុងប្រវត្តិសាស្ត្រ៕