អន្តរជាតិ

អ្នកជីករ៉ែអ៊ុយក្រែន និងគ្រួសារត្រូវបានស្លាប់ដោយមីស៊ីលរុស្ស៊ីនៅទីក្រុង Kryvyi Rih

ជនជាតិអ៊ុយក្រែន ព្រមទាំងគ្រួសារ មានម្តាយ កូននិងប្រពន្ធ បានបាត់បង់ជីវិតយ៉ាងអាណោច​អាធ័ម​នៅក្នុងគេហដ្ឋាននៅទីក្រុង Kryvyi Rih បន្ទាប់ពីត្រូវបានរងការវាយប្រហារដោយមីស៊ីលរុស្ស៊ី។

យោងតាមអ្នកនាង Daria Herasymchuk ជាទីប្រឹក្សារបស់ប្រធានាធិបតីអ៊ុយក្រែនទទួលបន្ទុកសិទ្ធិកុមារ និងស្តារនីតិសម្បទាកុមារ បានអត្ថាធិប្បាយលើរឿងនេះ បានឲ្យដឹងលម្អិតថា ហេតុការណ៍ដ៏អាក្រក់នេះ បានកើតឡើងកាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២២ ខណៈមនុស្ស ៤នាក់បានស្លាប់ ដែលជាគ្រួសារ​របស់លោក Olexandr អ្នកជីករ៉ែអ៊ុយក្រែន រួមទាំងគ្រួសារមានម្តាយអាយុ ៦៤ឆ្នាំ ប្រពន្ធ Liudmyla និងកូនតូចអាយុជាង១ខែ និង ១៣នាក់ផ្សេងទៀតរងរបួសនៅពេលមីស៊ីលរុស្ស៊ីបានសម្រុកបាញ់ស្រោច​មកលើអគារខ្ពស់ៗប្រជាជន ក្នុងទីក្រុង Kryvyi Rih ភាគកណ្តាលប្រទេសអ៊ុយក្រែន។

មិនមានការចេញមុខទទួលខុសត្រូវពីខាងរុស្ស៊ីនោះទេ ជាលទ្ធផលនៃការវាយប្រហារក្រុម​អ្នក​ជួយ​សង្គ្រោះ​អ៊ុយក្រែនបាន​និង​កំពុង​ឈូស​ឆាយ​រុករកមនុស្សចេញពីគំនរកម្ទេច​ផ្ទះបន្ថែមទៀត។ ប្រតិបត្តិការរុករកបានបន្តអស់រយៈពេលជិត២០ម៉ោងហើយ។ សូមរំលឹកឡើងវិញបន្តិចថា ការវាយប្រហាររបស់រុស្ស៊ីមកលើទូទាំងក្រុង និងរដ្ឋធានីគៀវអ៊ុយក្រែនកាលពីចុងសប្តាហ៍ បានធ្វើឲ្យមនុស្សប្រមាណ៦០០.០០០នាក់គ្មានអគ្គិសនីប្រើប្រាស់៕

ប្រភព៖ ​ Ukrainska Pravda

ប្រភពរូប៖Ukrainska Pravda
ប្រែសម្រួល៖សុខ តុលា