អន្តរជាតិ

អ៊ុយក្រែនថាបានបាញ់ទម្លាក់យន្តហោះ​ គ្មានមនុស្សបើកផលិតដោយអ៊ីរ៉ង់៩គ្រឿងនៅថ្ងៃចន្ទនេះ

រដ្ឋាភិបាលទីក្រុងគៀវ បានអះអាងនៅថ្ងៃចន្ទនេះថា បានបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើកផលិត​ដោយអ៊ីរ៉ង់៩គ្រឿង ក្នុងអំឡុងការវាយប្រហារចុងក្រោយរបស់រុស្ស៊ី។

យោងតាមរដ្ឋបាលយោធារបស់ទីក្រុង Kyiv និយាយនៅថ្ងៃចន្ទ ទី១៩ ខែធ្នូ ឆ្នាំ២០២២ថា រដ្ឋធានីអ៊ុយក្រែនពិតជាបានស្ថិតនៅក្រោមការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើករបស់រុស្ស៊ីមែន តែប៉ុន្មានម៉ោងបន្ទាប់ពីប្រធានាធិបតី Volodymyr Zelenskyy បានបន្តការអំពាវនាវរបស់គាត់ឱ្យ​សម្ព័ន្ធមិត្តជួយជំរុញការការពារដែនអាកាសរបស់អ៊ុយក្រែនក្នុងការប្រយុទ្ធប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ី។ កងកម្លាំងអ៊ុយក្រែនបានបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើក Shahed ផលិតដោយ​អ៊ីរ៉ង់ចំនួន ៩ គ្រឿង។

លោក Zelenskyy បានសំដែងការដឹងគុណថា “នេះក៏ដោយសារតែមានការជួយតាម   រយៈការផ្តល់នូវសំណាញ់មេឃពីសម្ព័ន្ធមិត្តផងដែរ សូមអរគុណ និងសូមផ្តល់ឲ្យយើងនូវប្រព័ន្ធ​ការពារដែនអាកាសទំនើបបន្ថែមទៀតនៅក្នុងចំនួនគ្រប់គ្រាន់ ដូច្នេះយើងនឹងបន្តប្រមាញ់ភេរវករ ដែលជាឧបករណ៍សំខាន់នៃភេរវកម្ម” ។ “នេះនឹងជាជំហានដ៏មានឥទ្ធិពលបំផុតមួយ ដែលនឹងនាំមកនូវការបញ្ចប់នៃការឈ្លានពានកាន់តែខិតជិត។ រុស្ស៊ី​នឹង​ត្រូវ​ដើរ​តាម​មាគ៌ា​នៃ​ការ​បញ្ឈប់​ការ​ឈ្លានពាន នៅ​ពេល​ដែល​ខ្លួន​មិន​អាច​ដើរ​តាម​គន្លង​នៃ​ការ​វាយ​ប្រហារ​ដោយ​កាំជ្រួច”។

គួរចាប់សង្កេតថា មកទល់នឹងថ្ងៃចន្ទនេះ ខាងរដ្ឋាភិបាលអាម៉េរិកមិនទាន់បានបញ្ចេញនូវសេចក្តី​ថ្លែងការណ៍ផ្លូវការនៃប្រព័ន្ធការពារដែនអាកាស Patriot កំពូលទៅកាន់ប្រទេសអ៊ុយក្រែននៅឡើយទេ ទោះបីមន្រ្តីនៃរដ្ឋបាលបានប្រាប់ថា អាម៉េរិកនឹងផ្តល់វាយ៉ាងពិតប្រាកដទៅអ៊ុយក្រែនក៏ដោយ៕

ប្រភព៖ ​ REUTERS

ប្រភពរូប៖REUTERS
ប្រែសម្រួល៖សុខ តុលា