សន្ដិសុខសង្គម

សិស្ស២នាក់ជិះម៉ូតូជ្រុលបុករថយន្តពីក្រោយ ស្លាប់ម្នាក់ របួសធ្ងន់ម្នាក់

ភ្នំពេញ៖សិស្សសាលា២នាក់បានជិះម៉ូតូយ៉ាងលឿន ជ្រុលបុករថយន្តឈប់ស្ងៀមពីក្រោយពេញទំហឹង បណ្តាលឱ្យដួលបោកក្បាលស្លាប់ម្នាក់ និងរបួសធ្ងន់ម្នាក់។គ្រោះថ្នាក់ចរាចរដ៏រន្ធត់នេះ បានកើតឡើង​នៅផ្លូវជាតិលេខ៦A មុខសាលាកសិកម្មព្រែកលៀប ក្នុងសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា កាលពីល្ងាចថ្ងៃទី១៨ ខែធ្នូ។

សាក្សីបានឱ្យដឹងថា មុនកើតហេតុ មានម៉ូតូម៉ាកហុងដាឌ្រីម ផ្លាកលេខភ្នំពេញ1HB-3148 ជិះដោយសិស្ស២នាក់ឌុបគ្នាបើកបរក្នុងល្បឿនលឿន។

មកដល់កន្លែងខាងលើបានបុកពីក្រោយរថយន្តស្ទូច ផ្លាកលេខ ភ្នំពេញ 3C-3804 កំពុងចតស្ងៀម បណ្តាលឱ្យបោកក្បាលស្លាប់ម្នាក់ រងរបួសធ្ងន់ម្នាក់ ត្រូវដឹកទៅសង្គ្រោះភ្លាមៗ។សិស្សបាត់បង់ជីវិត​ឈ្មោះមុំ វិសាល អាយុ១៣ឆ្នាំ ជាអ្នកឌុប និងឈ្មោះ ហេង គឹមអ៊ុន អាយុ១៣ឆ្នាំ ជាអ្នកជិះពីក្រោយ រងរបួសធ្ងន់។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះវាស់វែងប្រគល់សពឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យហើយយក​រថយន្តនិងម៉ូតូរក្សាទុករង់ចាំដោះស្រាយគ្នាពេលក្រោយ៕ដោយ៖វិចិត្រ