អន្តរជាតិ

តៃវ៉ាន់បើកការស៊ើបអង្កេតលើប្រតិបត្តិការខុសច្បាប់ របស់ប្រព័ន្ធផ្សព្វផ្សាយចិន TikTok

តៃវ៉ាន់នៅសប្តាហ៍នេះ បានបើកការស៊ើបអង្កេតលើវេទិកាប្រព័ន្ធផ្សព្វផ្សាយចិន TikTok ដោយសង្ស័យ​ថាបានធ្វើប្រតិបត្តិការពាណិជ្ជកម្មខុសច្បាប់នៅលើកោះ។

យោងតាមសេចក្តីថ្លែងការណ៍មួយកាលពីល្ងាចថ្ងៃអាទិត្យម្សិលមិញដោយក្រុមប្រឹក្សាកិច្ចការចិនដីគោករបស់តៃវ៉ាន់ បានឲ្យដឹងថា មន្ទិលសង្ស័យបានកើតដំបូងតាំងពីថ្ងៃទី ៩ ខែធ្នូមកម្ល៉េះ ក្រុមការងារក្រោម​គណៈរដ្ឋមន្ត្រីបានរកឃើញថា TikTok ត្រូវបានសង្ស័យថាមាន “ប្រតិបត្តិការពាណិជ្ជកម្មខុសច្បាប់” នៅកោះតៃវ៉ាន់។ កាសែត Liberty Times របស់តៃវ៉ាន់បានរាយការណ៍ថា ByteDance ជាម្ចាស់ TikTok បានបង្កើតក្រុមហ៊ុនបុត្រសម្ព័ន្ធមួយនៅលើកោះនេះ ដើម្បីផ្សព្វផ្សាយពាណិជ្ជកម្មដោយបំពានច្បាប់​តៃវ៉ាន់ ដែលវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់ចិនមិនត្រូវបានអនុញ្ញាតឱ្យធ្វើពាណិជ្ជកម្មនៅលើកោះ​នោះទេ។ ក្រុមប្រឹក្សាកិច្ចការដីគោកឆ្លើយតបនឹងរបាយការណ៍នោះថា ក្រុមការងាររបស់​គណៈរដ្ឋមន្ត្រី​បានរកឃើញថាពិតជាមានការសង្ស័យថាបំពានច្បាប់ ហើយអាជ្ញាធរផ្នែកច្បាប់កំពុងស៊ើបអង្កេត។

អាជ្ញាធរបានកត់សម្គាល់ “ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ  ភាគីចិនដីគោកបានប្រើប្រាស់​វេទិកាវីដេអូខ្លីៗ​ដូចជា TikTok ដើម្បីអនុវត្តប្រតិបត្តិការយល់ដឹង និងការជ្រៀតចូលប្រឆាំងនឹងប្រទេសដទៃទៀត ហើយវាមានហានិភ័យខ្ពស់ដែលរដ្ឋាភិបាលចិនកំពុងប្រមូលព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់”។ ជុំវិញការចោទប្រកាន់នេះ TikTok មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយនោះទេ៕

ប្រភព៖ ​ REUTERS

ប្រភពរូប៖REUTERS
ប្រែសម្រួល៖សុខ តុលា