សន្ដិសុខសង្គម

ដាក់គុកស្ត្រីមេតុងទីនម្នាក់ពាក់ព័ន្ធ ចេញសែកស្អុយជាង៣៦ម៉ឺនដុល្លារ

ភ្នំពេញ៖តុលាការភ្នំពេញ កាលពីល្ងាចថ្ងៃទី១៨ ខែធ្នូ បានឃុំខ្លួនស្ត្រីជាប់ចោទជាមេតុងទីនដ៏ល្បីល្បាញ ម្នាក់ ដាក់ពន្ធនាគារបណ្តោះអាសន្ន ពាក់ព័ន្ធចេញសែកស្អុយ៣៦ម៉ឺន៥ពាន់ដុល្លារ។

មន្ត្រីតុលាការបានឱ្យដឹងថា ស្ត្រីជាប់ចោទឈ្មោះ អឿន ម៉ូលីកា អាយុ២៧ឆ្នាំ អ្នករកស៊ីនៅបុរីវ៉ារីណា សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ។មន្ត្រីដដែលបានបន្តថា ជនសង្ស័យឈ្មោះអឿន ម៉ូលីកា បានជាប់ពាក់ព័ន្ធលើបណ្តឹងចំនួន២ ជាបទល្មើសព្រហ្មទណ្ឌ ដែលចេញសែកស្អុយ ស្មើទឹកប្រាក់ប្រមាណ៣៦ម៉ឺន៥ពាន់ដុល្លារអាម៉េរិក។

បណ្តឹងទី១-ឈ្មោះអឿន ម៉ូលីកា ចេញសែកអត់សាច់ប្រាក់ចំនួន៣០ម៉ឺនដុល្លារឱ្យទៅឈ្មោះសម្ផស្ស សូលីដា អ្នកលេងតុងទីនជាមួយគ្នា។បណ្តឹងទី២-ឈ្មោះអឿន ម៉ូលីកា បានចេញសែក អត់សាច់ប្រាក់ ឱ្យទៅឈ្មោះ ទីចាន់នូ ចំនួន៦ម៉ឺន៥ពាន់ ដុល្លារ ជាអ្នកលេងតុងទីនដែរ។ជនសង្ស័យបានអះអាងថា ខ្ចីលុយនេះយកទៅទិញរថយន្តមិនដល់មួយខែទេនឹងសងវិញគ្រប់ចំនួន ទីបំផុតចេញសែកស្អុយ ឱ្យម្ចាស់លុយទើបប្តឹងទៅសមត្ថកិច្ចតែម្តង។

គួរបញ្ជាក់ថា កម្លាំងអាវុធហត្ថភ្នំពេញ កាលពីរសៀលថ្ងៃទី ១៤ ខែធ្នូ បានឃាត់ខ្លួននាង អឿន ម៉ូលីកា តាមដីកាបញ្ជាឱ្យចូលខ្លួនរបស់ព្រះរាជអាជ្ញាតុលាការរាជធានីភ្នំពេញ លេខ៥៦៣ អ.យ.ក ចុះថ្ងៃទី១២ ខែធ្នូឆ្នាំ២០២២ ពាក់ព័ន្ធករណីចេញមូលប្បទានបត្រអត់សាច់ប្រាក់ឱ្យទៅម្ចាស់បំណុល ប្រព្រឹត្តនៅរាជធានីភ្នំពេញកន្លងមក៕ដោយ៖វិចិត្រ