អន្តរជាតិ

ចក្រភពអង់គ្លេសនឹងប្រកាសជំនួយយោធាថ្មី ៣០៤លានដុល្លារដល់អ៊ុយក្រែន

ចក្រភពអង់គ្លេស នឹងប្រកាសជំនួយយោធាថ្មីតម្លៃ ជាង៣០០លានដុល្លារដល់អ៊ុយក្រែន ដើម្បីបន្តជួយ​ហោប៉ៅអ៊ុយក្រែនប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ី។

ស្ថិតក្រោមការដឹកនាំ​របស់នាយករដ្ឋមន្រ្តីថ្មី លោក Rishi Sunak ចក្រភពអង់គ្លេសបានប្តេជ្ញាថា​នឹងបន្តជួយ​សម្ព័ន្ធមិត្តអ៊ុយក្រែនឲ្យដល់ទីបញ្ចប់ ពោលរហូតអ៊ុយក្រែនទទួលបានសន្តិភាព​ពេញលេញ​ដូចដើមវិញ។ យោងតាមការិយាល័យរបស់លោក Sunak សេចក្តីប្រកាសនឹងធ្វើឡើងក្នុងអំឡុង​ពេល​កិច្ចប្រជុំកំពូលនៃកងកម្លាំងបេសកកម្មរួម (JEF) នៅក្នុងប្រទេសឡាតវីនៅថ្ងៃចន្ទ ដោយក្នុងកញ្ចប់​៣០៤លានដុល្លារ នឹងរួមបញ្ចូល “គ្រាប់កាំភ្លើងធំរាប់ពាន់គ្រាប់”។ ពិសេសជាងនេះ ក៏មានការសន្យាផ្តល់​គ្រាប់កាំភ្លើងធំទៅអ៊ុយក្រែនពេញមួយឆ្នាំ២០២៣ទៀតផង អាស្រ័យទៅលើសង្រ្គាមអូសបន្លាយយូរ​ប៉ុនណា។

សេចក្តីថ្លែងការណ៍បានបន្ថែមថា “ចក្រភពអង់គ្លេសគឺជាអ្នកផ្តល់ជំនួយផ្នែកការពារឈានមុខគេ​របស់អឺរ៉ុបរួចទៅហើយដល់អ៊ុយក្រែន រួមទាំងការបញ្ជូនប្រព័ន្ធរ៉ុក្កែតជាច្រើនគ្រាប់ និងថ្មីៗនេះ​ប្រព័ន្ធប្រឆាំងយន្តហោះចំនួន ១២៥ ដើម” ។ ចាប់តាំងពីខែកុម្ភៈមក អង់គ្លេសបានផ្តល់គ្រាប់​រំសេវប្រមាណ ១០០.០០០ គ្រាប់ នៃចំណែកទឹកប្រាក់សរុប ៧,៤៣ពាន់លានដុល្លារ​ទៅអ៊ុយក្រែនក្នុងការការពារទឹកដីប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ី៕

ប្រភព៖ ​ ALJAZEERA

ប្រភពរូប៖ALJAZEERA
ប្រែសម្រួល៖សុខ តុលា