សន្ដិសុខសង្គម

ឃុំស្ត្រីជានគរបាលម្នាក់ពីបទឆបោកលុយជិត ២០ម៉ឺនដុល្លារពីពលរដ្ឋ១៨គ្រួសារ

កណ្តាល៖នគរបាលក្រសួងមហាផ្ទៃបានចាប់ស្ត្រីជានគរបាលខេត្តកណ្តាលម្នាក់តាមបណ្តឹងពលរដ្ឋ១៨គ្រួសារ ពីបទឆបោកលុយជិត២០ម៉ឺនដុល្លារ បញ្ជូនទៅតុលាការ និងឃុំខ្លួនបណ្តោះអាសន្ន។

សមត្ថកិច្ចបានឱ្យដឹងថា ការចាប់និងឃុំស្ត្រីសង្ស័យឈ្មោះធួក ចិន្តា អាយុ៣២ឆ្នាំ ជាមន្រី្តនគរបាល​ប្រឆាំគ្រឿងញៀនខេត្តកណ្តាល កាលពីថ្ងៃទី១៧ ខែធ្នូ និងបញ្ជូនទៅតុលាការ ត្រូវបានចៅក្រមស៊ើបសួរ​ចេញដីកាឃុំខ្លួនជាបណ្តោះអាសន្ន។ជនសង្ស័យត្រូវសមត្ថកិច្ចអនុវត្តតាមពាក្យបណ្តឹងរបស់​ប្រជាពលរដ្ឋចំនួន១៨គ្រួសារ ចោទពីបទ“ឆបោក”លុយជិត២០ម៉ឺនដុល្លារតាមមាត្រា ៣៧៧ មាត្រ៣៧៨ នៃក្រមព្រហ្មទណ្ឌ។

គួរបញ្ជាក់ថា ស្ត្រីឈ្មោះធួក ចិន្តា នៅភូមិបឹងគ្រុំ ឃុំបឹងគ្រុំ ស្រុកល្វាឯម ជាមន្ត្រីនគរបាលប្រឆាំង​បទល្មើស​គ្រឿងញៀនខេត្តកណ្តាល ត្រូវប្រជាពលរដ្ឋចំនួន១៨គ្រួសារបឹ្តងចោទប្រកាន់ថា បានលួងលោមសុំខ្ចីលុយពីពួកគាត់កាលពីអំឡុងឆ្នាំ២០២០ សរុបប្រមាណ១៤ម៉ឺនដុល្លារនិង​២១៤លានរៀលថា យកទៅបង់ផ្តាច់ធនាគារនិងកក់ថ្លៃទិញដី។

ជនសង្ស័យបានអះអាងថា ត្រឹម៥ទៅ១០ថ្ងៃនឹងប្រគល់លុយនោះសងឱ្យពួកគាត់វិញ។លុះដល់ថ្ងៃកំណត់ ស្ត្រីធួក ចិន្តា យកលេសគេចវេះរហូតមកដល់ពេលបច្ចុប្បន្ន ធ្វើឱ្យពួកគាត់ សម្រេចចិត្តប្តឹងទៅនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃតែម្តង៕ដោយ៖វិចិត្រ