សន្ដិសុខសង្គម

គ្រាន់តែមើលមុខគ្នាប្រើកាំបិតប៉័ងតោនិងដាវដេញកាប់របួសធ្ងន់ម្នាក់

ភ្នំពេញ​៖​ក្មេងស្ទាវមួយក្រុមមានបក្ខពួកពី៦-៧នាក់ និងម្ខាងទៀតមានគ្នា៣នាក់ គ្រាន់តែមើលមុខគ្នា ស្រាប់តែខាងគ្នាច្រើនប្រើកាំបិតប៉័ងតោនិងដាវដេញកាប់ខាង៣នាក់ឱ្យរបួសធ្ងន់ម្នាក់។ហេតុការណ៍​ដ៏សាហាវយង់ឃ្នងនេះបានកើតឡើងនៅលើផ្លូវជាតិលេខ៣ មុខបុរីលនស៊ីធី  ភូមិព្រៃព្រីងត្បូងទី១ សង្កាត់ចោមចៅទី២ ខណ្ខពោធិ៍សែនជ័យ កាលពីយប់ថ្ងៃទី១៨ ខែធ្នូ។

មន្ត្រីមូលដ្ឋានបានឱ្យដឹងថា ជនរងគ្រោះឈ្មោះ ឈាន ថៃ អាយុ១៨ឆ្នាំ ​ជាកម្មករសំណង់ ​ស្នាក់នៅភូមិ-សង្កាត់ខាងលើ រងរបួសផ្នែកកនិងឆ្អឹងខ្នង។មុនកើតហេតុ ជនរងគ្រោះមានគ្នា៣នាក់ ជិះម៉ូតូមួយគ្រឿងម៉ាកហុងដា​ឌ្រីម​ផ្លាកលេខភ្នំពេញ1JS-4108 ចេញពីកន្លែងផឹកស៊ីរួចទៅ​ការដ្ឋានសំណង់វិញ។ពួកគេជិះម៉ូតូតាមផ្លូវជាតិលេខ៣​ពីត្បូងទៅជើង ដល់មុខវត្តព្រៃស្ពឺមានក្រុមក្មេង​ទំនើងជិះម៉ូតូ៣គ្រឿងមានគ្នា៦-៧នាក់​បានក្រឡេកមើលមុខខាង៣នាក់ រួចជិះម៉ូតូវ៉ាទៅមុខ។

បន្ទាប់មកក្រុមទំនើងទាំងនោះប្រដាប់ដោយកាំបិតប៉័ងតោនិងដាវ បានដេញកាប់ខាង​៣នាក់​ដោយចោទថាក្រុមជនរងគ្រោះមើលមុខឌឺពួកគេ ​ហើយនាំគ្នាកាប់បណ្តាលឱ្យខាង៣នាក់រងរបួស​ធ្ងន់ម្នាក់ ចំណែក២នាក់ទៀតរត់គេចរួចខ្លួនទាន់។ក្រោយកើតហេតុ ក្រុមទំនើងទាំងនោះបានរត់​គេចខ្លួនបាត់អស់។ចំណែកជនរងគ្រោះត្រូវបានរថយន្តកងពលតូចលេខ៧០​ ដឹកយកទៅ​សង្គ្រោះភ្លាមៗ៕ដោយ៖វិចិត្រ